(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា បានបោះឆ្នោតក្នុងសំឡេងគាំទ្រភាគច្រើនលើសលុប ដើម្បីទទួលស្គាល់លោក John Ratcliffe ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ដែលនេះជា ការបំពេញមុខតំណែងដ៏សំខាន់មួយនៅក្នុងក្រុមមន្ត្រីសន្តិសុខជាតិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតទទួលស្គាល់លោក Ratcliffe ជានាយក CIA ក្នុងសំឡេងគាំទ្រ ៧៤ ទល់នឹង២៥សំឡេងជំទាស់។ លោក Ratcliffe បានស្បថចូលកាន់តំណែងជានាយក CIA ទី២៥ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីលោក John Ratcliffe៖
លោក John Ratcliffe កើតក្នុងទីក្រុង Chicago នៃរដ្ឋ Illinois នៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៦៥។ លោកបានបញ្ចប់ការសិក្សាមកពីវិទ្យាល័យ Carbondale Community High School ក្នុងទីក្រុង Carbondale នៃរដ្ឋ Illinois និងបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ University of Notre Dame ក្នុងរដ្ឋ Indian នៅឆ្នាំ១៩៨៧ ហើយពីសាកលវិទ្យាល័យ Southern Methodist University ក្នុងទីក្រុង Dallas រដ្ឋ Texas នៅឆ្នាំ១៩៨៩។ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨ លោក Ratcliffe បានចូលបម្រើការជារដ្ឋអាជ្ញាប្រចាំមណ្ឌលខាងកើតនៃរដ្ឋ Texas និងឡើងធ្វើជាចៅហ្វាយក្រុង Heath នៃរដ្ឋ Texas ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១២។
រហូតដល់ឆ្នាំ២០១៥ លោក Ratcliffe បានជាប់ឆ្នោតជាសមាជិកសភាតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Texas ហើយបានកាន់តំណែងនេះ រហូតដល់លោកលាលែងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។ ក្នុងឆ្នាំ២០២០នេះឯង លោក Ratcliffe ត្រូវបានតែងតាំងជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក នៅក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កាលពីអាណត្តិទី១ និងបានកាន់តំណែងនេះរហូតដល់ឆ្នាំ២០២១។ លោក Ratcliffe បានរៀបការជាមួយលោកស្រី Michele Ratcliffe។
គួរបញ្ជាក់ថា អំឡុងឆ្នាំ២០២០ លោក Ratcliffe ជាមនុស្សម្នាក់ដែលបានចេញមុខការពារ លោក ដូណាល់ ត្រាំ ដែលត្រូវប្រឈមមុខនឹងនីតិវិធីចោទប្រកាន់ដកតំណែងនៅពេលនោះ។ លោកក៏ជាមនុស្សម្នាក់ដែលផ្តោតជាសំខាន់ លើចិនផងដែរ ដោយលោកបាននិយាយថា CIA នៅក្រោមការដឹកនាំរបស់លោកនឹងបង្កើតការផ្តោតលើអ្វីដែល លោកហៅថាជាការគំរាមកំហែងបង្កឡើងដោយចិន និងគណបក្សកម្មុយនិស្ដចិន៕