(Jenin)៖ មន្រ្តីប៉ាឡេស្ទីនម្នាក់ បាននិយាយថា មនុស្សរាប់រយនាក់នាំគ្នាចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលស្ថិតនៅទីតាំងមានហានិភ័យ ក្នុងតំបន់ West Bank កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈកងកម្លាំងអ៉ីស្រាអែល បើកប្រតិបត្តិការដ៏សាហាវមួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ ២០២៥។
យោធាអ៉ីស្រាអែល បានវាយឆ្មក់ចូលទីក្រុង Jenin ជាកន្លែងប្រឈមមុខដាក់គ្នាដ៏ក្តៅគគុក ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ប៉ុន្មានថ្ងៃក្រោយបទឈប់បាញ់ក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ចូលជាធរមាន។
នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu និយាយថា គោលបំណងនៃប្រតិបត្តិការ គឺដើម្បីលុបបំបាត់អំពើភេរវកម្ម នៅក្នុងតំបន់នោះ។ លោក Netanyahu បានភ្ជាប់ប្រតិបត្តិការនេះ ទៅនឹងយុទ្ធសាស្ត្រប្រឆាំងអ៉ីរ៉ង់ នៅគ្រប់ទីកន្លែងដែលគេបញ្ជូនអាវុធទៅ ដូចជាហ្កាហ្សា លីបង់ ស៉ីរី យេម៉ែន និង West Bank។ រដ្ឋាភិបាលអ៉ីស្រាអែលបានចោទប្រកាន់អ៉ីរ៉ង់ ដែលគាំទ្រក្រុមប្រដាប់អាវុធនៅទូទាំងតំបន់មជ្ឈិមបូព៌ា រួមទាំងក្រុមហាម៉ាសនៅហ្កាហ្សា ពីការប៉ុនប៉ងផ្តល់អាវុធ និងថវិកាដល់ក្រុមសកម្មប្រយុទ្ធ នៅដែនដីប៉ាឡេស្ទីន៕