(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា អ្នកនាំពាក្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាជ្ញាធរអាមេរិក បានចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ជាង៥០០នាក់ ហើយថែមទាំងបានបណ្តេញចេញពីប្រទេសរាប់រយនាក់ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយលោក ត្រាំ វិលត្រឡប់មកកាន់អំណាចសាជាថ្មី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រកាសពីដំណឹងខាងលើ តាមប្រព័ន្ធ X ថា រដ្ឋបាលលោក ត្រាំ បានចាប់ខ្លួន «ឧក្រិដ្ឋជនអន្តោប្រវេសន៍ខុសច្បាប់» ចំនួន៥៣៨នាក់ ហើយរាប់រយនាក់ ត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក តាមរយៈយន្តហោះយោធា។
គួរបញ្ជាក់ថា ការចាប់ខ្លួននិងបណ្តេញចេញពីប្រទេសនេះ គឺកើតមានឡើងស្របពេលដែល រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងធ្វើការយ៉ាងឆាប់រហ័ស ដើម្បីបំពេញតាមពាក្យសន្យារបស់ខ្លួន ក្នុងការបើកប្រតិបត្តិការ បណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ លក្ខណៈទ្រង់ទ្រាយធំជាប្រវត្តិសាស្រ្ត។ នៅថ្ងៃដំបូង នៃការឡើងកាន់អំណាច លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិ ជាច្រើនភ្លាមៗ ដែលផ្តោតជាពិសេសលើ ការបង្រ្កាបជនអន្តោប្រវេសន៍ខុសច្បាប់៕