(ឡុងដ៏)៖ ក្មេងប្រុសវ័យជំទង់សញ្ជាតិអង់គ្លេស ដែលបានសម្លាប់ក្មេងស្រី ៣នាក់ នៅឯព្រឹត្តិការណ៍រាំងកម្សាន្តមួយ និងបង្កជាកុប្បកម្មដ៏ហិង្សា កាលពីឆ្នាំមុន ត្រូវបានកាត់ទោសជាប់ពន្ធនាគារយ៉ាងហោចណាស់ ៥២ឆ្នាំ សម្រាប់សកម្មភាព ដែលលោកនាយករដ្ឋមន្រ្តី Keir Starmer ចាត់ទុកជារឿងអាក្រក់បំផុតមួយ ក្នុងប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ ២០២៥។
យុវជនឈ្មោះ Axel Rudakubana អាយុ ១៨ឆ្នាំ សារភាពថា បានស្លាប់ក្មេងស្រី ៣នាក់ និងធ្លាប់ចាក់មនុស្ស ១០នាក់ទៀតឱ្យរបួស កាលពីចុងខែកក្កដា ឆ្នាំមុន នៅភាគខាងជើងទីក្រុង Southport ប្រទេសអង់គ្លេស ដោយអំពើឃោរឃៅនេះបានអង្រួនចក្រភពអង់គ្លេស ដោយកុប្បកម្មហិង្សាស្ទើរតែនៅទូទាំងប្រទេស។
ព្រះរាជអាជ្ញា លោកស្រី Deanna Heer បានប្រាប់តុលាការក្រុង Liverpool ថា Rudakubana ឈ្លក់វង្វេងនឹងអំពើហិង្សា និងអំពើប្រល័យពូជសាសន៍ ហើយសកម្មដែលប្រព្រឹត្តលើ ជនរងគ្រោះពីរនាក់ ឱ្យរបួសយ៉ាងធ្ងន់ធ្ងរ គឺពិតជានឹងពិបាកបកស្រាយថា កើតឡើងដោយសាររឿងអ្វី ក្រៅតែពីបញ្ហាផ្លូវចិត្ត។ បន្ទាប់ពីត្រូវចាប់ខ្លួន Rudakubana បានប្រាប់ប៉ូលិសថា ការសម្លាប់ក្មេងៗ ទាំងនោះ ធ្វើឱ្យរូបគេសប្បាយចិត្ត។
រូបភាព និងឯកសារដែលរកឃើញក្នុងកុំព្យូទ័រ នៅផ្ទះរបស់ Rudakubana បង្ហាញឱ្យឃើញពីការឈ្លក់វង្វេងយូរមកហើយ ទៅលើអំពើហិង្សា ការសម្លាប់ និងអំពើប្រល័យពូជសាសន៍។ Rudakubana ក៏បានសារភាពថា មានសៀវភៅណែនាំអាល់កៃដា និងរបៀបផលិត ricin ជាថ្នាំសម្រាប់បំពុល។ ប៉ុន្តែលោកស្រី Heer ថា ឃាតកម្មនេះមិនត្រូវបានចាត់ទុក ជាអំពើភេរវកម្មទេ ព្រោះ Rudakubana មិនត្រូវបានបំផុសគំនិតដោយមនោគមវិជ្ជានយោបាយ ឬសាសនាណាមួយឡើយ។
ចៅក្រម លោក Julian Goose បាននិយាយថា Rudakubana គួរតែជាប់ទោសយ៉ាងហោចណាស់ ៥២ឆ្នាំ។ លោកថាមិនអាចដាក់ទោសពេញមួយជីវិតបានទេ ខណៈដែល Rudakubana មានអាយុ ១៧ឆ្នាំប៉ុណ្ណោះ នៅពេលរូបគេប្រព្រឹត្តខុស ប៉ុន្តែគេទំនងជាមិនត្រូវបានដោះលែងនោះឡើយ៕