(ប៉េកាំង)៖ មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជារៀងរាល់ឆ្នាំ លោក Xi Jinping ប្រធានរដ្ឋចិនតែងតែចុះសួរសុខទុក្ខកម្មាភិបាល និងប្រជាជនក្នុងតំបន់មូលដ្ឋាន។

នៅថ្ងៃទី២២ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានមកដល់ភូមិមួយ ក្នុងទីក្រុង Huludao ខេត្ត Liaoning ដោយចាប់ផ្តើមដំណើរសួរសុខទុក្ខរបស់លោក នៅមុនថ្ងៃបុណ្យឆ្នាំថ្មី ប្រពៃណីចិន។ ប្រហែលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ភ្លៀងធ្លាក់ខ្លាំងដែលមិនធ្លាប់មានពីមុន បានបង្កទៅជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុង Huludao ខេត្ត Liaoning។

ភូមិ Zhujiagou ដែលស្ថិតនៅក្នុងតំបន់ភ្នំដែលមានសណ្ឋានដីទាប ជាភូមិមួយក្នុងចំណោមភូមិដែលរងគ្រោះខ្លាំងបំផុត ដោយគ្រោះមហន្តរាយ។ ជម្រៅទឹកជ្រៅបំផុតក្នុងភូមិឡើងដល់៦ម៉ែត្រ ហើយផ្ទះអ្នកភូមិ៥១ខ្នងរងការខូចខាត ក្នុងនោះ៤១ខ្នង មិនអាចជួសជុល និងសង់ឡើងវិញនៅកន្លែងដើម បានទៀតទេ។

ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនជិតចូលមកដល់ហើយ តើបងប្អូនប្រជាកសិករក្នុងភូមិសុខសប្បាយទេ?តើអាចឆ្លងឆ្នាំថ្មីបានល្អទេ?ដោយការខ្វាយខ្វល់ក្នុងចិត្តនេះ កាលពីថ្ងៃទី២២ ខែមករា លោក Xi Jinping បានស៊ូនឹងអាកាសធាតុត្រជាក់ខ្លាំង ទៅដល់ភូមិ Zhujiagou ដើម្បីសួរសុខទុក្ខនិងពិនិត្យស្ថានភាពស្តារឡើងវិញ ក្នុងតំបន់មូលដ្ឋានបន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ កាលពីឆ្នាំ២០២៤។

បន្ទាប់ពីទឹកជំនន់ ភូមិបានសង់លំនៅឋានថ្មីនៅទីតាំងផ្សេងទៀត សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះខ្លាំងបំផុត ចំនួន៤១គ្រួសារ ស្មើនឹង១៨៦នាក់។ ក្នុងរយៈពេលមិនដល់២ខែផង “ភូមិ Zhujia ថ្មី” ត្រូវបានបង្កើតឡើង។ប្រជាជនរងគ្រោះបានមានទីជម្រកថ្មី ដ៏កក់ក្តៅមុនរដូវរងា។

លោក Xi Jinping ប្រធានរដ្ឋចិនបានចុះទៅពិនិត្យតាមផ្ទះរបស់អ្នកភូមិ ដែលបានផ្លាស់ទីលំនៅមុនរដូវរងា និងបានឈ្វេងយល់អំពីគុណភាពផ្ទះ ដែលបានសាងសង់ឡើងវិញ និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ គិតគូពីសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងចិត្តជានិច្ច។ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅពេលដែលប្រជាជនចិន អាចទទួលបានភាពកក់ក្តៅបំផុតនោះ លោក Xi Jinping បានទៅសួរសុខទុក្ខប្រជាជន ដែលរងគ្រោះ ពិនិត្យស្ថានភាពសាងសង់ឡើងវិញ និងយកចិត្តទុកដាក់ចំពោះការឆ្លងកាត់រដូវរងា ដែលមិនត្រឹមតែផ្តល់ភាពកក់ក្តៅ ដល់ដួងចិត្តប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនុកចិត្តផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន