(ភ្នំពេញ)៖ ការផ្លាស់ប្តូររដ្ឋបាលចាស់ទៅរដ្ឋបាលថ្មីក្នុងសហរដ្ឋអាមេរិក នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឱ្យមានភាពក្រឡាប់ចាក់មួយចំនួនគួរឱ្យកត់សម្គាល់។ កម្ពុជាក្នុងសម័យអតីតកាល ក៏ធ្លាប់មានប្រវត្តិអំពីភាពប្រែប្រួលផ្លាស់ប្តូររដ្ឋបាលអាមេរិក ដែលធ្វើឱ្យអតីតរបបសាធារណរដ្ឋខ្មែរ របស់លោក លន់ នល់ បានចាញ់សង្គ្រាម និងក្រោយមកស្ថានការណ៍បាននាំប្រទេសកម្ពុជា ធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហម។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញ ភាពក្រឡាប់ចាក់បាននិងកំពុងកើតឡើងដោយសារច្បាប់និងបទបញ្ជាថ្មីរបស់លោក ដូណាល់ ត្រាំ…
ភាពក្រឡាប់ចាក់មួយ ត្រូវគេឃើញថាបានកើតឡើងនៅពេលដែលមានការឡើងកាន់អំណាចរបស់លោក ដូណាល់ ត្រាំ នៃប្រធានាធិបតីទី៤៧។ មន្ត្រីប្រមាណជាង ១,០០០ នាក់ ដែលត្រូវបានតែងតាំងក្នុងអម្លុងលោក ចូ បៃដិន កាន់អំណាច ត្រូវបានបញ្ចប់ការងារចោលទាំងអស់ ក្នុងនោះរួមមានលោកឧត្តមសេនីយ៍ចូលនិវត្តន៍ Mark Milley, មេចុងភៅល្បីល្បាញលោក Jose Andres និងអតីតទីប្រឹក្សាសន្តិសុខជាតិលោក John Bolton ផងដែរ។ លោក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់រួចមកហើយនូវបំណងរបស់លោកជុំវិញការបណ្តេញចេញមន្ត្រីទាំងឡាយណា ដែលមិនស្របតាមគោលនយោបាយ «America First» របស់លោក និងការតែងតាំងជំនួសមកវិញ នូវមន្ត្រីណាដែលស្មោះត្រង់ចំពោះរូបលោក។
ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើន ដែលបានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ដែលបង្កឱ្យការតវ៉ាភ្លាមៗគួរកត់សំគាល់៖
១៖ ការបញ្ចប់ភាពជាពលរដ្ឋដែលមានសិទ្ធិពីកំណើត (Ending Birthright Citizenship)៖ ប្រធានាធិបតី Trump បានចេញបទបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងបញ្ចប់ការផ្តល់សញ្ជាតិអាមេរិក ចំពោះកុមារដែលកើតនៅសហរដ្ឋអាមេរិកដោយសារតែឪពុកម្តាយរបស់កុមារនោះ មិនមានសញ្ជាតិអាមេរិកាំង។ ដីកានេះ ត្រូវបានជំទាស់ភ្លាមៗនៅក្នុងតុលាការ ដោយក្រុមអង្គការគាំទ្រសិទ្ធិស៊ីវិល និងពលរដ្ឋចម្រុះ ដែលនាំឱ្យចៅក្រមសហព័ន្ធនៅទីក្រុង Seattle បានរារាំងជាបណ្តោះអាសន្នមិនឱ្យអនុវត្តបទបញ្ជានោះឡើយ ដោយបញ្ជាក់ថាវា «មិនស្របតាមរដ្ឋធម្មនុញ្ញ»។
២៖ ការលុបចោលកម្មវិធីពិពិធកម្ម សមធម៌ និងការដាក់បញ្ចូល (Rescinding Diversity, Equity, and Inclusion Programs DEI)៖ បញ្ជាប្រតិបត្តិ ត្រូវបានចុះហត្ថលេខាលុបបំបាត់កម្មវិធី DEI ដែលបានអនុវត្តទូទាំងរដ្ឋសហព័ន្ធចំពោះទីភ្នាក់ងារនិងអ្នកម៉ៅការធានាទាំងឡាយ។ សកម្មភាពនេះ រួមបញ្ចូលទាំងការដកហូតសារាចរប្រតិបត្តិលេខ ១១២៤៦ ដែលបានហាមឃាត់ភាពរើសអើងការងារដោយអ្នកម៉ៅការរបស់សហព័ន្ធ។ ការលុបចោលកម្មវិធី DEI នេះ បាននាំឱ្យការតវ៉ាតាមផ្លូវច្បាប់ ដែលទាញហេតុផលថាវាធ្វើឱ្យខូចដល់វឌ្ឍនភាពជាច្រើនទសវត្សរ៍ ក្នុងការលើកកម្ពស់ឱកាសការងារស្មើគ្នា។
៣៖ ការទទួលស្គាល់តែពីរភេទប៉ុណ្ណោះ (Recognizing Only Two Genders)៖ បទបញ្ជាប្រតិបត្តិមួយទៀតកំណត់ថា ភ្នាក់ងារសហព័ន្ធទទួលស្គាល់តែភេទពីរប៉ុណ្ណោះ គឺភេទប្រុស និងស្រី ដោយផ្អែកលើលក្ខណៈជីវសាស្ត្រ។ ច្បាប់ថ្មីនេះ បានប្រឈមមុខនឹងការតវ៉ាផ្លូវច្បាប់ពីក្រុមសង្គមស៊ីវិល រួមទាំងអង្គការសហភាពសេរីភាពស៊ីវិលអាមេរិកាំង (ACLU) ដែលប្រកែកថា វារើសអើងប្រឆាំងនឹងអ្នកប្តូរភេទ និងបុគ្គលដែលចាត់ទុកខ្លួនឯងថាមិនមែនក្នុងភេទប្រុសនិងភេទស្រី។ សកម្មភាពទាំងនេះបានជំរុញឱ្យមានការប្រឆាំងផ្នែកច្បាប់យ៉ាងខ្លាំង ដោយតុលាការបានអន្តរាគមន៍ផ្អាកដីកាមួយចំនួនរួចទៅហើយ ។ រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងបន្តប្រឈមមុខនឹងការតវ៉ាតាមផ្លូវច្បាប់ នៅពេលដែលនឹងអនុវត្តរបៀបវារៈគោលនយោបាយរបស់លោកទាំងនេះ។
• ច្បាប់លុបចោលកម្មវិធីពិពិធកម្ម សមធម៌ និងការដាក់បញ្ចូល DEI អាចប៉ះពាល់ការផ្សាយវិទ្យុសម្លេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី
បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី Donald Trump ក្នុងការលុបចោលកម្មវិធី Diversity, Equity, and Inclusion (DEI) នឹងប៉ះពាល់ដល់ភ្នាក់ងារសហព័ន្ធទាំងអស់ រួមទាំងកម្មវិធីដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដូចជាវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA ជាដើម។ បទបញ្ជានេះ នឹងកំណត់ចំពោះ DEI ក្នុងការបញ្ចប់កម្មវិធី វគ្គបណ្តុះបណ្តាល, គោលការណ៍ និងកិច្ចសន្យាសហព័ន្ធដែលទាក់ទងនឹងកម្មវិធីនេះ ក្នុងរយៈពេល ៦០ថ្ងៃ ដោយដាក់បុគ្គលិក DEI ឱ្យឈប់សម្រាករដ្ឋបាលជាមួយការចំណាយប្រាក់ឈ្នួលភ្លាមៗ។
ដោយសារវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដូច្នេះវាស្ថិតនៅក្រោមសារាចរណែនាំរបស់សហព័ន្ធ។ ដូច្នេះរាល់គំនិតផ្តួចផ្តើមរបស់ DEI នៅក្នុងវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក នឹងត្រូវបានប៉ះពាល់ដោយសារតែបទបញ្ជាប្រតិបត្តិថ្មីនេះ។ ឥទ្ធិពលជាក់លាក់លើប្រតិបត្តិការ និងកម្មវិធីរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA អាស្រ័យលើវិសាលភាពនៃទំហំសកម្មភាពរបស់ DEI ដោយផ្ទាល់ខ្លួន និងតើ DEI នឹងត្រូវចាត់ចែងរបៀបរបបយ៉ាងណាក្នុងការអនុវត្តសេចក្តីណែនាំរបស់បទបញ្ជាថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នេះ។
ការផ្លាស់ប្តូរនេះ កំពុងបង្កើតនូវអនាគតមិនច្បាស់លាស់ក្នុងចំណោមទីភ្នាក់ងារសហព័ន្ធ និងអ្នកពាក់ព័ន្ធ ដែលពឹងផ្អែកលើការផ្តល់មូលនិធិសហព័ន្ធសម្រាប់គំនិតផ្តួចផ្តើម DEI ខណៈដែលពួកគេត្រូវពិនិត្យមើលលើការបោះបង់កម្មវិធីទាំងនេះអនុលោមតាមការណែនាំថ្មី។
គួរបញ្ជាក់ថាបច្ចុប្បន្ន កម្មវិធីផ្សាយវិទ្យុសម្លេងសហរដ្ឋអាមេរិក ជាភាសាខ្មែររយៈពេលមួយម៉ោង ត្រូវបានកាត់បន្ថយការផ្សាយត្រឹមកន្លះម៉ោងរួចមកហើយ ក្នុងចុងអាណ្ណត្តិរបស់លោក ចូ បៃដិន។
*តើមានបទបញ្ជាថ្មីអ្វីខ្លះទៀតរបស់លោក ដូណាល់ ត្រាំ ដែលបង្កផលប៉ះពាល់ដល់ពិភពលោក?
ខណៈការចេញច្បាប់ថ្មីក្នុងសហរដ្ឋអាមេរិក បានធ្វើឱ្យមានអំពើតវ៉ាខ្លះបានកើតឡើងរួចមកនេះ, បទបញ្ជាថ្មីរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការដកសហរដ្ឋអាមេរិកចេញពីកម្មវិធីមួយចំនួនរបស់ពិភពលោក ក៏អង្រួនការចាប់អារម្មណ៍ដ៏ខ្លាំងក្លាផងដែរ។ ចាប់តាំងពីការឡើងកាន់តំណែងឡើងវិញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកប្រធានាធិបតី Donald Trump បានចេញបទបញ្ជាប្រតិបត្តិជាច្រើន ជាមួយនឹងផលប៉ះពាល់ជាសកលយ៉ាងសំខាន់ក្នុងនោះរួមមាន៖
១៖ ការដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស៖ នៅថ្ងៃដំបូងដែលលោកចូលកាន់តំណែង, លោកប្រធានាធិបតី Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិបញ្ជាឱ្យសហរដ្ឋអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស (Paris Climate Change) ដែលជាទង្វើកត់សម្គាល់ថាមានជាលើកទី២ ហើយដែលលោកបានចាត់វិធានការនេះ។ ការសម្រេចចិត្តនេះបានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកបរិស្ថាន និងមេដឹកនាំអន្តរជាតិអំពីផលប៉ះពាល់សក្តានុពលរបស់វាទៅលើគំនិតផ្តួចផ្តើមអាកាសធាតុពិភពលោក ខណៈភាពប្រែប្រួលអាកាសធាតុក្នុងពិភពលោក បានបង្កផលប៉ះពាល់ប្រទេសនានាជាច្រើន ដែលកំពុងត្រូវការប្រទេសមហាអំណាចជួយបង្កើនថវិកាទ្រទ្រង់។
២៖ ការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO)៖ លោកប្រធានាធិបតី Trump នៅបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយទៀត ក្នុងការដកសហរដ្ឋអាមេរិកចេញពីកម្មវិធីអង្គការសុខភាពពិភពលោក WHO ដោយលើកឡើងពីការមិនពេញចិត្តចំពោះការដោះស្រាយបញ្ហាសុខភាពពិភពលោករបស់អង្គការ WHO នេះ។ ការដកខ្លួនចេញទាំងស្រុងនេះ នឹងមានប្រសិទ្ធភាពនៅថ្ងៃទី២២ មករា ឆ្នាំ២០២៦ គឺរយៈពេលមួយឆ្នាំបន្ទាប់ពីមានការប្រកាសរបស់លោក ដូណាល់ ត្រាំ រួចមក។
វិធានការនេះបានជំរុញឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ ដែលអាចកើតមានលើកម្មវិធីសុខភាពអន្តរជាតិ ជាពិសេសនៅក្នុងតំបន់ដូចជាទ្វីបអាហ្រ្វិក ដែលពឹងផ្អែកខ្លាំងលើការគាំទ្ររបស់អង្គការសុខភាពពិភពលោកគ្រាដែលក្នុងមួយឆ្នាំៗ ថវិកាសហរដ្ឋអាមេរិកជួយអង្គការសុខភាពពិភពលោកនេះ មានប្រមាណ១៥% ក្នុងទំហំថវិកាទាំងមូល។ រវាងពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ថវិការបស់រដ្ឋាភិបាលអាមេរិកចំពោះអង្គការ WHO មានប្រមាណ ១,២៨៤លានដុល្លារ។
៣៖ ការចាត់ទុកក្រុមជួញដូរគ្រឿងញៀន ជាអង្គការភេរវករបរទេស៖ បទបញ្ជាប្រតិបត្តិនេះ ត្រូវបានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាផងដែរ ដោយកំណត់ក្រុមជួញដូរគ្រឿងញៀនមួយចំនួនមកពីប្រទេសដូចជា Mexico, Colombia, Venezuela និង El Salvadors ជាអង្គការភេរវករបរទេស។ ការកំណត់នេះផ្តល់ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពង្រីកសិទ្ធិអំណាចក្នុងការកំណត់គោលដៅក្រុមទាំងនេះ ដែលមានសក្តានុពលរួមទាំងសកម្មភាពយោធា។ ការសម្រេចចិត្តនេះ មានផលប៉ះពាល់យ៉ាងសំខាន់សម្រាប់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយបណ្តាប្រទេសទាំងនេះ និងបង្កើនការព្រួយបារម្ភអំពីអធិបតេយ្យភាព និងសក្តានុពល កើនឡើងនៃអំពើហិង្សា។
៤៖ ពន្ធគយ និងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប៖ នៅក្នុងសុន្ទរកថាមួយនាវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស, លោកប្រធានាធិបតី Trump បានរិះគន់ការអនុវត្តពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងបានគំរាមដាក់ពន្ធចាប់ពី ១០% ទៅ ២០% លើផលិតផលមកពីប្រទេសសមាជិកសហភាពអឺរ៉ុប ជាពិសេសការផ្តោតលើផលិតផលឧស្សាហកម្ម ដូចជាប្រទេសអាល្លឺម៉ង់ជាដើម។ សកម្មភាពបែបនេះអាចបង្កើនភាពតានតឹងពាណិជ្ជកម្ម និងមានផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងទូលំទូលាយសម្រាប់ទីផ្សារពិភពលោក។
សកម្មភាពប្រតិបត្តិទាំងនេះ ត្រូវគេចាត់ទុកថា គឺជាការឆ្លុះបញ្ចាំងអំពីការបន្តនៃគោលនយោបាយ America First ដោយសង្កត់ធ្ងន់មិនត្រឹមតែទៅលើផលប្រយោជន៍ជាតិអាមេរិកតែប៉ុណ្ណោះទេ ប៉ុន្តែអ្វីទាំងនោះ ថែមទាំងបង្កើតមានឱ្យមានការពិភាក្សា និងការព្រួយបារម្ភជាអន្តរជាតិដោយសារតែសេចក្តីសម្រេចរបស់លោកដូណាល់ត្រាំទាំងឡាយនោះ កំពុងប៉ះពាល់នឹងផលប៉ះពាល់ជាសកលរបស់ពួកគេ។
*តើភាពប្រែប្រួលនៃនយោបាយអាមេរិក បានឆ្លុះបញ្ចាំងអ្វីខ្លះ?
យុគសម័យផ្លាស់ប្តូរពីរដ្ឋបាលចាស់លោក ចូ បៃដិន នៃគណបក្សប្រជាធិបតេយ្យ ទៅកាន់រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ ត្រូវបានប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើន បារម្ភថា វានឹងធ្វើឱ្យអ្វីដែលគេធ្លាប់តែជឿទុកចិត្តលើសហរដ្ឋអាមេរិក នឹងសឹករិចរិលអស់ទៅវិញ។
នៅកម្ពុជា ក៏ធ្លាប់មានប្រវត្តិដ៏ជូរចត់របស់មេខ្លោងធ្វើរដ្ឋប្រហារទម្លាក់អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ពីតំណែង ដោយសារតែការជឿទុកចិត្តលើសហរដ្ឋអាមេរិកដែរ, ក្នុងអម្លុងទសវត្សរ៍១៩៧០។ សារលិខិតមួយរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សីរីមតៈ ទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក John Gunther Dean ដែលស្នើសុំឱ្យព្រះអង្គភៀសព្រះ កាយចេញពីប្រទេសកម្ពុជា មុនពេលដែលរបបសាធារណរដ្ឋខ្មែរ ដួលរលំដោយក្រុមទាហានតស៊ូខ្មែរក្រហមនោះ បានសរសេរប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកថា ព្រះអង្គមិនកំសាករត់ចោលប្រទេសជាតិរបស់ព្រះអង្គឡើយ។ ព្រះអង្គម្ចាស់ សីរីមតៈ សរសេរថា ព្រះអង្គស្ទើរមិនជឿថា សហរដ្ឋអាមេរិកបែរជាបោះបង់ចោលប្រជាជនកម្ពុជាក្នុងពេលនោះឡើយ។ ព្រះអង្គបញ្ជាក់ថា បើសហរដ្ឋអាមេរិកមិនជួយការពារពួកសាធារណរដ្ឋខ្មែរទេ គេក៏មិនអាចធ្វើអ្វីបានដែរ។ សារលិខិតរបស់ព្រះអង្គម្ចាស់ សីរីមតៈ បានថ្លែងសារភាពថា កំហុសរបស់ព្រះអង្គដែលបានប្រព្រឹត្តនោះ គឺដោយសារតែការជឿលើសហរដ្ឋអាមេរិក។
នេះគឺជាមេរៀនប្រវត្តិសាស្ត្រមួយ ដែលគេមិនត្រូវឱ្យប្រទេសរបស់ខ្លួនឯង រស់នៅក្រោមការពឹងដង្ហើមរបស់បរទេសឡើយ៕