(អ៊ីស្លាម៉ាបាដ)៖ រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថាន នៅថ្ងៃសុក្រនេះបានថ្កោលទោសការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនមេដឹកនាំកំពូលរបស់ខ្លួន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានចោទប្រកាន់ ICC ពីបទលម្អៀង និងមានស្តង់ដារពីរ ដោយបានបង្វែរភ្នែកមើលឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តដោយកងកម្លាំងបរទេសលើប្រទេសនេះ ក្នុងអំឡុងពេលសង្រ្គាម ២០ឆ្នាំ។

ការ​ស្នើ​សុំ​ដីកា​ចាប់​ខ្លួន​នេះ​ ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​រដ្ឋអាជ្ញា​ ICC លោក Karim Khan ដោយ​លើក​ឡើង​ ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ស្ត្រី​និង​កុមារី​ ក៏​ដូច​ជា​អ្នក​ដែល​មិន​គោរព​តាម​ការ​រំពឹង​ទុក​ខាង​មនោគមវិជ្ជា​របស់​តាលីបង់​ ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១៥​ ខែ​សីហា​ ឆ្នាំ​ ២០២១។

ក្រុមសិទ្ធិមនុស្ស Amnesty International បានសាទរចំពោះការសម្រេចចិត្តនេះ ប៉ុន្តែក៏បានជំរុញឱ្យ ICC ពិចារណាឡើងវិញ នូវការសម្រេចចិត្តក្នុងការលុបចោលការស៊ើបអង្កេត លើឧក្រិដ្ឋកម្មសង្រ្គាមដែលប្រព្រឹត្តដោយកងកម្លាំងបរទេស លើប្រទេសនេះផងដែរ៕