(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសុក្រ ទី២៤ ខែមករា ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានបញ្ជាក់ជាថ្មីថា ទីភ្នាក់ងាររបស់ UN ដែលទទួល​បន្ទុក ជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ UNRWA ចាំបាច់ត្រូវបញ្ចប់​ប្រតិបត្តិការនានារបស់ខ្លួន ហើយចាកចេញពីទីក្រុងហ៊្សេរុយសាឡិម នៅត្រឹមថ្ងៃទី៣០ ខែមករា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ដោយមិនខ្វល់ពីក្តីបារម្ភរបស់អន្តរជាតិ ក្រុមសមាជិកសភានៃប្រទេសអ៉ីស្រាអែល កន្លងមកបានអនុម័តច្បាប់មួយ ដែលហាមឃាត់ UNRWA មិនឱ្យធ្វើប្រតិបត្តិការតទៅទៀត នៅអ៉ីស្រាអែល ព្រមទាំងនៅភាគខាងកើតទីក្រុងហ៊្សេរុយសាឡិម។ ភាគខាងកើតនៃ​ទីក្រុងនេះ ត្រូវបានអ៉ីស្រាអែលគ្រប់គ្រង ចាប់តាំងពីសង្រ្គាម៦ថ្ងៃ ឆ្នាំ១៩៦៧។

ទីភ្នាក់ងារ UNRWA បានរងការរិះគន់ពីអ៉ីស្រាអែល ដែលកាន់តែកើនឡើងខ្លាំងថែមទៀត ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំងការចោទប្រកាន់ថា បុគ្គលិកមួយចំនួនរបស់ ​UNRWA បានចូលរួមពាក់ព័ន្ធ ក្នុងសកម្មភាពឆ្មក់វាយប្រហារ​ដ៏កក្រើក របស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

ក្នុងលិខិតផ្ញើទៅកាន់អគ្គលេខាធិការ UN លោក Antonio Guterres ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល លោក Danny Danon បាននិយាយដូច្នេះថា «UNRWA ត្រូវបានតម្រូវឱ្យបិទបញ្ចប់ ប្រតិបត្តិការនានារបស់ខ្លួន នៅហ៊្សេរុយសាឡិម និងជម្លៀសចេញ​ពីទីតាំងទាំងអស់ ដែលខ្លួនធ្វើប្រតិបត្តិការ នៅក្នុងទីក្រុងនេះ មិនឱ្យយូរជាងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឡើយ»

គួរបញ្ជាក់ថា UNRWA ត្រូវបានចាត់ទុកជា ឆ្អឹងខ្នងនៃប្រតិបត្តិការមនុស្សធម៌ សម្រាប់ជនជាតិប៉ាឡេស្ទីន។ ទីភ្នាក់ងារ UN នេះ ផ្តល់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន ប្រមាណ៦លាននាក់ នៅតំបន់ហ្កាហ្សា, West Bank, ប្រទេសលីបង់, ហ៊្សកដានី និង ស៉ីរី៕