(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២៤ ខែមករា លោក Pete Hegseth ត្រូវបានព្រឹទ្ធសភាអាមេរិក បោះឆ្នោតទទួលស្គាល់ជា រដ្ឋមន្រ្តីការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លទ្ធផលនៃការបោះឆ្នោតទទួលស្គាល់ លោក Hegseth គឺ៥០សំឡេងគាំទ្រ ទល់នឹង៥០សំឡេងជំទាស់ បន្ទាប់ពីសមាជិក៣នាក់ នៃគណបក្សសាធារណរដ្ឋផ្ទាល់ បានចូលរួមជាមួយ សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ និងសមាជិកឯករាជ្យដទៃទៀត បោះឆ្នោត​ប្រឆាំងនឹងការតែងតាំងរូបលោក។ លទ្ធផលជាប់គាំងបែបនោះ បានតម្រូវឱ្យអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលមានឋានៈ​ជាប្រធានព្រឹទ្ធសភា ត្រូវបោះឆ្នោតកាត់សេចក្តី ហើយលោកក៏បានបោះឆ្នោតក្នុងសំឡេងគាំទ្រ។ លោក Hegseth ដែលជាអតីតអ្នកអត្ថាធិប្បាយព័ត៌មាន របស់ទូរទស្សន៍ព័ត៌មាន Fox News និងជាអតីតយុទ្ធជន សន្យាថា នឹងនាំមកនូវការផ្លាស់ប្តូរសំខាន់ៗ ដល់មន្ទីរបញ្ចកោណ ដែលជាក្រសួងការពារជាតិអាមេរិក។

គួរបញ្ជាក់ថា លោក Hegseth គឺជាបេក្ខជនមានភាពចម្រូងចម្រាសជាងគេបង្អស់ សម្រាប់មុខតំណែងជាប្រមុខការពារជាតិរបស់​សហរដ្ឋអាមេរិក ខណៈជាទម្លាប់ តួនាទីនេះ ជារឿយៗត្រូវបានផ្តល់ឱ្យទៅបេក្ខជន ដែលមានបទពិសោធស៉ីជម្រៅ ក្នុងការគ្រប់គ្រង​ដឹកនាំស្ថាប័នធំៗ និងជាបុគ្គលដែលទទួលបានការគាំទ្រទូលំទូលាយ ទាំងពីសំណាក់ គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។ ការតែងតាំងលោក Hegseth ត្រូវបានញាំញ៉ីដោយរឿងអាស្រូវ។ វាគឺជាលើកទី២ហើយ នៅក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលបេក្ខជនតំណែងរដ្ឋមន្រ្តី ទាមទារឱ្យមានការបោះឆ្នោតកាត់សេចក្តីចុងក្រោយបែបនេះ។ សម្រាប់ករណីដំបូង ក៏ជាបេក្ខជននៃរដ្ឋបាលលោក ត្រាំ ផងដែរ គឺលោកស្រី Betsy DeVos ដែលបានក្លាយជារដ្ឋមន្រ្តីក្រសួងអប់រំ កាលពីឆ្នាំ២០១៧៕