(ហ៊្សេរុយសាឡិម)៖​ នៅថ្ងៃសៅរ៍​ ទី២៥​ ខែមករានេះ ក្រុមហាម៉ាស​ បានដោះលែងទាហានស្រ្តីអ៉ីស្រាអែល​ ៤នាក់ដែលជាចំណាប់ខ្មាំង​ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនប្រហែល ២០០នាក់ទៅតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានបំណងបញ្ចប់សង្រ្គាមរយៈពេល ១៥ខែនៅតំបន់ហ្កាហ្សា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ទាហាន​ ៤រូបនោះមានឈ្មោះ​ Karina Ariev, Daniella Gilboa, Naama Levy និង Liri Albag។ ពួកគេឈរជើងប្រចាំនៅប៉ុស្តិ៍សង្កេតការណ៍មួយ​នៃតំបន់ហ្កាហ្សា​ ហេីយត្រូវក្រុមហាម៉ាសចាប់ពង្រត់យកទៅ​ អំឡុងពេលវាយឆ្មក់លេីទឹកដីអ៉ីស្រាអែល​ កាលពីថ្ងៃទី៧​ ខែតុលា​ ឆ្នាំ ២០២៣។

អ្នកទាំង​ ៤ត្រូវបាននាំទៅកាន់វេទិកាមួយក្នុងទីក្រុងហ្កាហ្សា​ នៅចំពោះមុខប្រជាជនប៉ាឡេស្ទីនដ៏ច្រើនកុះករ និងឡោមព័ទ្ធដោយក្រុមប្រដាប់អាវុធហាម៉ាស​ជាច្រេីន។ បន្ទាប់មក ពួកគេត្រូវបាននាំចូលទៅក្នុងរថយន្តកាកបាទក្រហមអន្តរជាតិ (ICRC)​ រួចបញ្ជូនទៅឱ្យកងកម្លាំងអ៉ីស្រាអែល។​ បេីតាមក្រសួង​សុខាភិបាល​អ៉ីស្រាអែល ពួក​គេ​នឹងបាន​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ​ក្នុង​ពេល​ឆាប់ៗ​ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ភាគ​កណ្តាល​អ៉ីស្រាអែល។

ក្រុមហាម៉ាស​និយាយថា​ អ្នកទោស២០០នាក់ក៏នឹងត្រូវដោះលែង​ នាថ្ងៃសៅរ៍នេះដែរ​។ ពួកគេរាប់បញ្ចូលទាំងជនសកម្មប្រយុទ្ធដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត​ ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការវាយប្រហារសម្លាប់មនុស្សរាប់សិបនាក់។

គួរបញ្ជាក់ថា​ នេះ​គឺជាការដោះដូរគ្នាលើកទីពីរ​ ចាប់តាំងពីបទឈប់បាញ់រវាងអ៉ីស្រាអែល​ និងក្រុមហាម៉ាសចូលជាធរមាននៅថ្ងៃទី១៩​ ខែមករា។ ក្រុមហាម៉ាស់បានប្រគល់ជនស៉ីវិលជាស្ត្រីជនជាតិអ៉ីស្រាអែល​ ៣នាក់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនចំនួន ៩០នាក់រួចហេីយ៕