(បេរូត)៖ កងទ័ពលីបង់ បានចោទប្រកាន់អ៉ីស្រាអែលថា ពន្យារពេលដកកងទ័ពចេញពីភាគខាងត្បូងប្រទេសលីបង់ ទៅតាមការតម្រូវនៃបទឈប់បាញ់ដែលបានបញ្ចប់សង្គ្រាមជាមួយក្រុមហេសបូឡា និងមួយថ្ងៃបន្ទាប់ពីអ៉ីស្រាអែលនិយាយថា កងទ័ពរបស់ខ្លួននឹងបន្តស្ថិតនៅទីនោះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ ២០២៥។
នៅក្នុងសេចក្តីថ្លែងការណ៍ចោទប្រកាន់របស់ខ្លួន កងទ័ពលីបង់ក៏បានស្នេីឱ្យប្រជាជនលីបង់រង់ចាំសិន មុនធ្វើដំណើរទៅកាន់តំបន់ព្រំដែនដោយលើកឡើងថា នៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់អ៉ីស្រាអែល។
ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលចូលជាធរមានកាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំមុន អាវុធ និងអ្នកប្រយុទ្ធរបស់ក្រុមហេសបូឡា ត្រូវតែដកចេញពីតំបន់ភាគខាងត្បូងនៃទន្លេ Litani ហើយកងទ័ពអ៉ីស្រាអែលក៏ត្រូវចាកចេញដូចគ្នា ស្របពេលដែលយោធាលីបង់ត្រូវដាក់ពង្រាយទៅកាន់តំបន់ ក្នុងរយៈពេល ៦០ថ្ងៃពោលគឺនឹងដល់កំណត់នៅថ្ងៃអាទិត្យស្អែកនេះ។
ប៉ុន្តែការិយាល័យលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានប្រកាសកាលពីថ្ងៃសុក្រថា មានលក្ខខណ្ឌមិនត្រូវបានអនុវត្តពេញលេញដោយរដ្ឋលីបង់៕