(ញូវដេលី)៖ ប្រទេសឥណ្ឌូណេស៉ី និងឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រេីន នាថ្ងៃសៅរ៍ ទី២៥ ខែមករានេះ ដែលគ្របដណ្តប់លើវិស័យវប្បធម៌ សុខាភិបាល ដែនសមុទ្រ សន្តិសុខ និងឌីជីថល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើជាសាក្សីដោយប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅមុនការប្រារព្ធទិវាសាធារណរដ្ឋឥណ្ឌា នាថ្ងៃអាទិត្យ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បាននិយាយថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ក្នុងការផលិតអាវុធនិងការកែលម្អខ្សែច្រវាក់ផ្គត់ផ្គង់។ លោកបញ្ជាក់ទៀតថា «យេីងក៏បានសម្រេចចិត្តធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហាមួយចំនួនដូចជា សន្តិសុខដែនសមុទ្រ សន្តិសុខតាមអ៉ីនធឺណេត ការប្រឆាំងភេរវកម្ម និងលុបបំបាត់អំពេីជ្រុលនិយម។»។
ចំណែក លោក Prabowo និយាយថា រដ្ឋាភិបាលរបស់លោក នឹងពន្លឿនភាពជាដៃគូសេដ្ឋកិច្ចជាមួយឥណ្ឌា ហេីយផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការរយៈពេលវែង។ លោកគូសបញ្ជាក់ថា«យើងបានពិភាក្សាលើវិស័យសំខាន់ៗជាច្រើនដែលមានផលប្រយោជន៍រួម។ យើងចង់ពន្លឿនកម្រិតនៃកិច្ចសហប្រតិបត្តិការ»។
លោក Prabowo ក៏បានអរគុណឥណ្ឌាផងដែរ សម្រាប់ការគាំទ្រឥណ្ឌូណេស៉ីលេីដំណើរការការក្លាយជាសមាជិក BRICS ដោយនិយាយថាប្លុកនៃសេដ្ឋកិច្ចទីផ្សារដែលកំពុងរីកចម្រើននេះ នឹងមានប្រយោជន៍សម្រាប់ស្ថិរភាពពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងតំបន់៕