(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមករា បានលើកឡើងពីផែនការជម្លៀសប្រជាជនប៉ាឡេស្ទីនទាំងអស់ចេញពីតំបន់ហ្កាហ្សា ហើយជាពិសេស លោកចង់ឱ្យប្រទេសអេហ្ស៉ីប និងហ្ស៊កដានីទទួលយកប្រជាជនប៉ាឡេស្ទីន ដើម្បីបង្កើតសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ដោយចាត់ទុកតំបន់ហ្កាហ្សាជាកន្លែងមួយត្រូវបានបំផ្លិចបំផ្លាញ ដោយសារសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស លោក ត្រាំ ក៏បានបញ្ជាក់ដែរថារូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយព្រះមហាក្សត្រហ្ស៊កដានី ព្រះចៅ Abdullah II អំពីផែនការដែលលោកបានលើកឡើង ហើយលោករំពឹងថាអាចនឹងពិភាក្សាបន្ថែមជាមួយមេដឹកនាំអេហ្ស៉ីប នៅថ្ងៃអាទិត្យ ទី២៦ ខែមករា។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានលើយន្ដហោះ Air Force One លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់ឱ្យអេហ្ស៉ីបទទួលយកប្រជាជនប៉ាឡេស្ទីន ហើយខ្ញុំចង់ឱ្យហ្ស៊កដានីទទួលយកប្រជាជន ប៉ាឡេស្ទីន»។ លោក ត្រាំបន្តថា «អ្នកទាំងអស់គ្នាកំពុងនិយាយពីប្រជាជនប្រហែល ១លាននាក់កន្លះ ហើយយើងគ្រាន់តែយកអ្វីៗទាំងអស់ចេញ (ពីហ្កាហ្សា)។ តើអ្នកដឹងទេ អស់រយៈពេលរាប់ ស.វមកនេះ មានជម្លោះជាច្រើននៅទីនោះ (ហ្កាហ្សា) ហើយខ្ញុំមិនដឹងថាមានអ្វីបានកើតឡើងនោះទេ...តែឥលូវ ខ្ញុំដឹងថាទីនោះជាកន្លែងមួយត្រូវបានបំផ្លាញ។ អ្វីៗត្រូវបានបំផ្លាញ ហើយមនុស្ស កំពុងបាត់បង់ជីវិតនៅទីនោះ»។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរថាតើផែនការជម្លៀសប្រជាជនប៉ាឡេស្ទីនទៅកាន់ប្រទេសដទៃ នឹងត្រូវធ្វើឡើង ជាបណ្ដោះអាសន្ន ឬរយៈពេលវែង លោក ត្រាំ បានឆ្លើយថាអាចបណ្ដោះអាសន្ន ឬរយៈពេលវែង។
គួរបញ្ជាក់ថា ភាគច្រើនលើសលុបនៃប្រជាជនហ្កាហ្សាជាង ២.៤លាននាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួនដោយសារសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ចាប់តាំងពី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយកាលពីឆ្នាំមុន រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានបង្ហាញពីជំហរប្រឆាំងជំទាស់ទៅនឹងការជម្លៀសប្រជាជនប៉ាឡេស្ទីនទាំងបង្ខំ៕