(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចបំពេញតាមពាក្យសន្យារបស់លោកដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនបាន លុះត្រាតែអ៊ុយក្រែនមានវត្តមាននៅក្នុងកិច្ចចរចា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសទទួលស្វាគមន៍ប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu ដែលបំពេញទស្សនកិច្ចក្នុងទីក្រុងកៀវ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមករា លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ការបិទបញ្ចប់សង្រ្គាមនឹងមិនអាចធ្វើទៅកើតទេ លុះត្រាតែលោក ត្រាំ បញ្ចូលអ៊ុយក្រែនទៅក្នុងកិច្ចចរចា ឬអាចនិយាយបានថាវានឹងមិនដំណើរការទេ ពីព្រោះរុស្ស៉ីមិនចង់បញ្ចប់សង្រ្គាម ខណៈអ៊ុយក្រែនចង់បញ្ចប់សង្រ្គាមនោះទេ»។ លោក ហ្សេលេនស្គី បន្ថែមថាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលអាចនឹងត្រូវបានលើកឡើងនៅក្រោមអាណត្តិរបស់លោក ត្រាំ នៅមិនទាន់ប្រាកដប្រជា នៅឡើយទេ ហើយសូម្បីតែ លោក ត្រាំ ក៏ប្រហែលជាមិនច្បាស់ខ្លួនឯងដែរ ដ្បិតលោក ពូទីន មិនមានបំណងបញ្ចប់សង្រ្គាមឡើយ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលបានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា បានសន្យាអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថាលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយប្រើពេលត្រឹមមួយថ្ងៃតែប៉ុណ្ណោះ។ ប៉ុន្តែ ក្រុមមន្ត្រីរបស់លោកបានទទួលស្គាល់ថាការបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចំណាយពេលច្រើនខែ៕