(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា លោកនឹងដាក់ចេញនូវវិធានការយ៉ាងទូលំទូលាយ ទៅលើប្រទេសកូឡុំប៊ី រួមទាំងពន្ធគយ និងទណ្ឌកម្ម បន្ទាប់ពីប្រទេសអាមេរិកខាងត្បូងមួយនេះ មិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិកដឹកជនអន្តោប្រវេសន៍ពីរគ្រឿង ចុះចត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ ២០២៥។
លោក ត្រាំ បានសរសេរលើបណ្តាញសង្គម Truth Social ថា ការបដិសេធរបស់ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក។ លោកនឹងដឹកនាំការត្រួតពិនិត្យការងារព្រំដែន ជាមួយជនជាតិកូឡុំប៊ី និងទំនិញផងដែរ។ លោក ត្រាំ បញ្ជាក់ថា «វិធានការទាំងនេះ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ យើងនឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលកូឡុំប៊ី រំលោភលើកាតព្វកិច្ចផ្លូវច្បាប់ទាក់ទងនឹងការទទួលយក និងការបញ្ជូនឧក្រិដ្ឋជនដែលពួកគេ បានបង្ខំឱ្យចូលសហរដ្ឋអាមេរិកនោះឡើយ»។
កូឡុំប៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣របស់សហរដ្ឋអាមេរិក នៅតំបន់អាមេរិកឡាទីន។ ប្រធានាធិបតីកូឡុំប៊ី លោក Petro បានថ្កោលទោសសកម្មភាពរបស់សហរដ្ឋអាមេរិក ដោយនិយាយថា កូឡុំប៊ីស្វាគមន៍អ្នកដែលត្រូវនិរទេសមកវិញ តាមជើងយន្តហោះស៉ីវិល។ លោកថា ទោះបីជាមានជនជាតិអាមេរិក ១៥ ៦៦០នាក់ ស្ថិតនៅកូឡុំប៊ីដោយមិនស្របច្បាប់ តែលោកនឹងមិនបញ្ជូនពួកគេតាមរបៀបដូចជាអ្នកទោស ទៅកាន់សហរដ្ឋអាមេរិកវិញនោះទេ។ លោក Petro បញ្ជាក់ថា «លោកកំពុងដឹកនាំរដ្ឋមន្ត្រីពាណិជ្ជកម្ម ឱ្យដំឡើងពន្ធលើការនាំចូល ២៥ភាគរយ របស់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ក្រៅពីកូឡុំប៊ី កាលពីសប្តាហ៍មុន ម៉ិកស៉ិកក៏បានបដិសេធ ឱ្យយន្តហោះយោធាអាមេរិកចុះចត ជាមួយនិងជនអន្តោប្រវេសន៍ផងដែរ៕