(ស៉ីដនី)៖ នៅថ្ងៃចន្ទ ទៅ២៧ ខែមករានេះ ភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី បានរងឥទ្ធិពលនៃរលកកំដៅ ដោយបង្កើនហានិភ័យនៃភ្លើងឆេះព្រៃ និងជំរុញឱ្យអាជ្ញាធរចេញបម្រាមភ្លើងឆេះ សម្រាប់ផ្នែកជាច្រើននៃរដ្ឋ Victoria។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អាកាសធាតុក្តៅ បានរំលឹកដល់គ្រោះមហន្តរាយឆ្នាំ ២០១៩ដល់ឆ្នាំ ២០២០ ដែលបានបំផ្លាញតំបន់មួយ ទំហំស្ទើរតែប៉ុនប្រទេសតួកគី សម្លាប់មនុស្ស ៣៣នាក់ និងសត្វរាប់លានក្បាល។ ទីភ្នាក់ងារឧតុនិយមជាតិព្រមានថា ស៉ីតុណ្ហភាពនឹងឡើងដល់ ៤១អង្សាសេ នៅក្នុងទីក្រុង Melbourne រដ្ឋ Victoria។ អាជ្ញាធរបានចាត់ថ្នាក់ អំពីគ្រោះថ្នាក់នៃភ្លើងឆេះកម្រិតខ្ពស់បំផុតទីពីរ ក្នុងតំបន់ចំនួន ៦នៃរដ្ឋ Victoria នាថ្ងៃចន្ទនេះ។
តាមលោក Dean Narramore អ្នកជំនាញឧតុនិយមជាន់ខ្ពស់ លក្ខខណ្ឌក្តៅ និងខ្យល់ខ្លាំងអាចបង្កឱ្យមានភ្លើងឆេះ មុនពេលចុះមកត្រជាក់បន្តិច ក្នុងរដ្ឋ Victoria កាលពីយប់ថ្ងៃអាទិត្យ។ នាថ្ងៃចន្ទនេះ នៅកន្លែងផ្សេងទៀតដូចជា រដ្ឋ New South Wales, South Australia, Western Australia, Queensland និង Northern Territory ស្ថិតក្រោមការជូនដំណឹងអំពីរលកកំដៅ។ សម្រាប់ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនជាងគេរបស់អូស្ត្រាលី លក្ខខណ្ឌនៃរលកកំដៅមានកម្រិតពីទាបទៅខ្ពស់នៅថ្ងៃនេះ ហើយនឹងកាន់តែក្តៅនៅថ្ងៃអង្គារ៕