(ហ្កាហ្សា)៖ ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ បានចាប់ផ្តើមធ្វើដំណើរតាមផ្លូវ ឆ្ពោះទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សាវិញហើយ នាថ្ងៃចន្ទ ទី២៧ ខែមករា ស្របពេលដែលអ៉ីស្រាអែល បានដកចេញនូវការរាំងខ្ទប់ ក្រោយក្រុមហាម៉ាស យល់ព្រមប្រគល់ ចំណាប់ខ្មាំងអ៉ីស្រាអែល ឈ្មោះ Arbel Yehud ព្រមទាំងចំណាប់ខ្មាំង២នាក់ ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រូបភាពលើកញ្ចក់ទូរទស្សន៍ បានបង្ហាញឱ្យឃើញ ប្រជាជនប៉ាឡេស្ទីនយ៉ាងច្រើន កំពុងនាំគ្នាធ្វើដំណើរ ហើយសាក្សីបានប្រាប់ថា អ្នកស្រុកដំបូងគេ បានវិលត្រឡប់មកដល់ ទីក្រុងហ្កាហ្សាវិញ (Gaza City) កាលពីព្រឹកថ្ងៃចន្ទនេះ ក្រោយច្រកឆ្លងកាត់​ដំបូង នៅភាគកណ្តាលតំបន់ហ្កាហ្សា ត្រូវបានបើកឡើងវិញ កាលពីម៉ោង៧ព្រឹក។ រីឯច្រកផ្លូវឆ្លងកាត់ដទៃទៀត បាននិងកំពុងបើក ​ជាបន្តបន្ទាប់។ ប្រជាជនហ្កាហ្សាយ៉ាងហោច ៦៥០ ០០០នាក់ បានទន្ទឹងរង់ចាំត្រឡប់ទៅផ្ទះ នៅភាគខាងជើងវិញ។

នៅក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ ប្រជាជនប៉ាឡេស្ទីន ដែលមានទីលំនៅ នៅភាគខាងជើងតំបន់ហ្កាហ្សា ត្រូវវិលត្រឡប់មកវិញ តាំងតែពីចុងសប្តាហ៍មុន ប៉ុន្តែអ៉ីស្រាអែលបាននិយាយថា ក្រុមហាម៉ាស បានបំពានកិច្ចព្រមព្រៀង ដោយសារមិនព្រមដោះលែង ចំណាប់ខ្មាំងភេទស្រី ឈ្មោះ Arbel Yehud ដែលជាជនស៉ីវិល ហើយក៏បានសម្រេចបន្តបិទច្រកផ្លូវឆ្លងកាត់។

យ៉ាងណាមិញ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ប្រទេសកាតា ដែលជាអ្នកសម្រុះសម្រួល បាននិយាយថា ហាម៉ាសបានយល់ព្រមដោះលែង Yehud និង​ចំណាប់ខ្មាំង២នាក់ផ្សេងទៀត នៅមុនថ្ងៃសុក្រសប្តាហ៍នេះ ហើយជាការដោះដូរ អ៉ីស្រាអែលនឹងអនុញ្ញាតឱ្យ ប្រជាជនប៉ាឡេស្ទីន ដែលរត់ភៀសខ្លួន អាចវិលត្រឡប់ទៅភាគខាងជើងហ្កាហ្សាវិញ ដោយចាប់ផ្តើម ពីព្រឹកថ្ងៃចន្ទនេះទៅ។

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនោះ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ក៏បានទទួលស្គាល់ដែរថា Yehud រួមជាមួយ ទាហានស្រីម្នាក់ឈ្មោះ Agam Berger និងចំណាប់ខ្មាំងម្នាក់ទៀត នឹងត្រូវដោះលែងដោយក្រុមហាម៉ាស ហេតុដូច្នេះហើយ អ៉ីស្រាអែលនឹងអនុញ្ញាតឱ្យ គ្រួសារហ្កាហ្សាដែលភៀសខ្លួន វិលត្រឡប់ទៅផ្ទះវិញ នៅតំបន់ភាគខាងជើង ចាប់ផ្តើមពីព្រឹកថ្ងៃចន្ទនេះ៕