(ប៉េកាំង)៖ ជារៀងរាល់ឆ្នាំ នៅពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ខិតជិតមកដល់ ប្រជាជននៅទូទាំងប្រទេសចិន តែងធ្វើដំណើរត្រឡប់ទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ឬទស្សនាតំបន់កម្សាន្តនានា។ ការធ្វើដំណើររបស់ប្រជាជនចិន រាប់រយលាននាក់ក្នុងអំឡុងពេលដ៏មមារញឹកនេះ គឺជាការចល័តទីមនុស្សធំជាងគេបំផុតនៅលើពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនការចំណាយក្នុងស្រុក។
តាមការប៉ាន់ស្មាន ការធ្វើដំណើរក្នុងស្រុកនាអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ មានចំនួនប្រមាណ ៩ពាន់លានដំណើរ កើនឡើង ៦% ធៀបនឹងឆ្នាំ២០២៤។ តួរលេខនេះមិនត្រឹមតែបង្ហាញពី ឆន្ទៈរបស់ប្រជាជនក្នុងការធ្វើដំណើរទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីភាពធន់ និងភាពរស់រវើកនៃការងើបឡើងវិញនូវវិស័យទេសចរណ៍ចិន បន្ទាប់ពីការរំខានជាច្រើនឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩ ផងដែរ។
ជាក់ស្តែង ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងសណ្ឋាគារនានា បានទទួលការកក់ពីអតិថិជនក្នុងកំណត់ត្រាមួយដ៏ខ្ពស់ ខណៈតំបន់ទេសចរណ៍នានា បានព្យាយាមពង្រឹងសេវាកម្ម និងធ្វើពិពិធកម្មសកម្មភាពកម្សាន្តនានា សំដៅផ្តល់នូវបទពិសោធន៍ល្អៗ ដល់ភ្ញៀវទេសចរ នាអំឡុងពិធីបុណ្យដ៏រីករាយនេះ។ ទាំងនេះបានបញ្ជូនសញ្ញាវិជ្ជមានដល់ ការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុករបស់ចិន។
ក្រៅពីសន្ទុះនៃទេសចរណ៍ក្នុងស្រុក ប្រទេសចិនក៏មើលឃើញពីនិន្នាការ នៃកំណើនទេសចរអន្តរជាតិគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសស្របពេលដែលរដ្ឋាភិបាលចិន បានដាក់ចេញនូវវិធានការបន្ធូរបន្ថយទិដ្ឋាការ ដែលរួមមានគោលនយោបាយឆ្លងកាត់ ដោយគ្មានទិដ្ឋាការជាមួយប្រទេសចំនួន ៥៤ និងការអនុញ្ញាតដោយឯកតោភាគីឱ្យប្រទេសចំនួន ៣៨ ធ្វើដំណើរទៅប្រទេសចិន ដោយមិនត្រូវការទិដ្ឋាការ។ យោងតាមរបាយការណ៍របស់រដ្ឋបាលអន្តោប្រវេសន៍ជាតិចិន ក្នុងរយៈពេល ១១ ខែ នៃឆ្នាំ២០២៤ ប្រទេសចិនបានទទួលភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ២៩,២២ លាននាក់ ក្នុងនោះមាន ១៧,៤៥ លាននាក់ចូលទៅកាន់ប្រទេសចិនក្រោមគោលនយោបាយគ្មានទិដ្ឋាការ។
ទន្ទឹមនឹងនេះ ចំណាត់ការរបស់រដ្ឋាភិបាលចិនក្នុងការពង្រីក រយៈពេលឆ្លងកាត់ដោយគ្មានទិដ្ឋាការពី ៧២ និង ១៤៤ម៉ោង រហូតដល់ ២៤០ ម៉ោង (១០ថ្ងៃ) កាលពីពេលថ្មីៗនេះ នឹងចាក់បញ្ចូលនូវសន្ទុះថ្មីបន្ថែមទៀតក្នុងការទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ។ ជាមួយនឹងវិធានការនេះ ភ្ញៀវទេសចរអន្តរជាតិ នឹងមានឱកាសទៅទស្សនាប្រទេសចិនក្រោមលក្ខខណ្ឌកាន់តែប្រសើរឡើង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ដើម្បីចូលរួមប្រារព្ធពិធីនេះជាមួយនឹងភាពកក់ក្តៅ នៃបដិសណ្ឋារកិច្ចរបស់ប្រជាជនចិន និងទទួលយកបទពិសោធន៍ថ្មី ក្នុងការយល់ដឹងពីវប្បធម៌រាប់ពាន់ឆ្នាំរបស់ចិន ព្រមទាំងអាចទស្សនាតំបន់កម្សាន្តដ៏សម្បូរបែបរបស់ចិន រួមមានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងស្ថាបត្យកម្មទំនើប។
ក្នុងបរិបទនេះ រំហូរនៃកំណើនទេសចរអន្តរជាតិទៅប្រទេសចិន នឹងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗដល់ ឧស្សាហកម្មទេសចរណ៍ចិន ដែលនឹងរួមចំណែកដល់ការជំរុញនវានុវត្តន៍ និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ក្នុងស្រុក ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន នៅតាមមូលដ្ឋាន ដែលរកស៊ីទទួលទានដោយផ្ទាល់ និងប្រយោលក្នុងវិស័យនេះ។
សរុបមក ការចល័តទីរបស់ប្រជាជនចិន និងរំហូរនៃកំណើនទេសចរអន្តរជាតិក្នុងអំឡុងពេលដ៏មមារញឹក នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងក្លាយទៅជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឡើងវិញនូវភាពរស់រវើក នៃវិស័យទេសចរណ៍ចិន ដែលនឹងចាក់បញ្ចូលនូវសន្ទុះថ្មី ក្នុងការកសាងភាពធន់ និងបង្កើនកំណើនសេដ្ឋកិច្ចចិន៕
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា