(ឡុងដ៍)៖ សេចក្តីរាយការណ៍ពីវិមាន Downing Street បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមនឹងជួបគ្នាក្នុងពេលឆាប់ៗនេះ ក្រោយការសន្ទនាតាមទូរសព្ទកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ជំនួបនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក Starmer ក្នុងការពង្រឹង ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មី។ ភាគីទាំងពីរបានពិភាក្សាអំពី «ទំនាក់ទំនងដ៏កក់ក្តៅ» រវាងប្រទេសទាំងពីរ ហើយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្តែងការគោរពចំពោះគ្រួសាររាជវង្ស​អង់គ្លេស។ ពួកគេក៏បានពិភាក្សាពីបញ្ហាមជ្ឈិមបូព៌ា ពាណិជ្ជកម្ម និងសេដ្ឋកិច្ច​ផងដែរ។

លោក Starmer កំពុងស្វែងរកប្រភពវិនិយោគថ្មី ដើម្បីជំរុញសេដ្ឋកិច្ចអង់គ្លេស ដែលកំពុងតែទ្រឹង។ ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍មិនបានលើកឡើងពីបញ្ហា ចំណាយលើវិស័យការពារជាតិ ដែលជាចំណុចររសើបមួយរវាងប្រទេសទាំងពីរនោះទេ។

គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់បានបង្ហើបថា ដំណើរអន្តរជាតិលើកដំបូងរបស់លោកអាចនឹងទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីត ឬចក្រភពអង់គ្លេសដែលនាំឱ្យមានការរំពឹងទុកពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងឡុងដ៍។ ការផ្តោតសំខាន់លើពាណិជ្ជកម្ម សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ ត្រូវបានគេរំពឹងថានឹងគ្របដណ្តប់លើរបៀបវារៈនៃកិច្ចប្រជុំនាពេលខាងមុខ៕