(ឌូបៃ, អេមីរ៉ាតអារ៉ាប់រួម)៖ ការស្នើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យប្រទេសអេហ្ស៉ីប និងហ្ស៊កដានី​ទទួលយកប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាបន្ថែម បានទទួលការប្រឆាំងជំទាស់ពី ប្រទេសទាំង២ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក រួមជាមួយប៉ាឡេស្ទីនដែលភ័យខ្លាចថាអ៉ីស្រាអែលនឹងមិនអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។ លោក ត្រាំ បានលើកឡើងពីផែនការមួយ កាលពីថ្ងៃទី២៥ ខែមករា ដោយនិយាយថាលោកផ្ទាល់នឹងជំរុញមេដឹកនាំអេហ្ស៉ីប និងហ្ស៊កដានីឱ្យទទួលយកប្រជាជនប៉ាឡេស្ទីន ដែលបច្ចុប្បន្នមានមួយភាគធំបាត់បង់ផ្ទះ ដោយសារសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ លោកបន្ថែមថាការតាំងទីលំនៅសម្រាប់មួយភាគធំនៃប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ២.៣លាននាក់ អាចនឹងត្រូវបានធ្វើឡើងជាបណ្ដោះអាសន្ន ឬរយៈពេលវែង។

ក្រុមហាម៉ាស និងអាជ្ញាធរប៉ាឡេស្ទីនបានថ្កោលទោសគំនិតរបស់លោក ត្រាំ ខណៈរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានប្រាប់ក្រុមអ្នកសារព័ត៌មានថាគោលជំហរបដិសេធរបស់ប្រទេស លោកចំពោះសំណើផ្ទេរ ឬជម្លៀសប្រជាជនប៉ាឡេស្ទីន គឺម៉ឺងម៉ាត់ និងគ្មានការប្រែប្រួលឡើយ។ «ការជម្លៀសប្រជាជនប៉ាឡេស្ទីនមិនថាបណ្ដោះអាសន្ន ឬរយៈពេលវែង គឺប្រថុយនឹងការបង្កើនជម្លោះនៅក្នុងតំបន់ ហើយបំផ្លាញដល់ក្ដីរំពឹងនៃសន្តិភាព និងការរួមរស់នៅជាមួយគ្នានៅក្នុងចំណោមប្រជាជនក្នុងតំបន់»។ នេះជាការគូសបញ្ជាក់របស់ក្រសួងការបរទេសអេហ្ស៉ីប ក្នុងសេចក្ដីថ្លែងការណ៍មួយ។ រដ្ឋាភិបាលអ៉ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ជុំវិញការអត្ថាធិប្បាយរបស់លោក ត្រាំ។ ប៉ុន្តែអ្នកនយោបាយស្ដាំនិយមជ្រុលក្នុងជួររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានគាំទ្រគំនិតរបស់លោក ត្រាំ ដោយពួកគេបានទទូចជាយូរមកហើយនូវអ្វីដែលពួកគេហៅថាជាការស្ម័គ្រចិត្តជម្លៀសខ្លួនរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងចំនួនដ៏ច្រើន ដើម្បីឱ្យអ៉ីស្រាអែលតាំងទីលំនៅឡើងវិញក្នុងតំបន់ហ្កាហ្សា។ លោក Bezalel Smotrich ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងដែលបច្ចុប្បន្នជាដៃគូដ៏សំខាន់របស់លោក Netanyahu នៅក្នុងរដ្ឋាភិបាលចម្រុះបានហៅសំណើរបស់លោកជា «គំនិតដ៏ល្អអស្ចារ្យ»។

ក្រុមអង្គការសិទ្ធិមនុស្ស បានចោទប្រកាន់អ៉ីស្រាអែលជាយូរមកហើយថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិប៉ាឡេស្ទីន រីឯក្រុមអ្នកជំនាញ UN បានកំណត់ថាគោលនយោបាយមួយដែលត្រូវបាន តាក់តែងឡើងដោយជាតិសាសន៍មួយ ឬដោយក្រុមសាសនាណាមួយ ដើម្បីបណ្ដេញ ឬបង្ខំឱ្យក្រុមណាមួយចាកចេញពីតំបន់ជាក់លាក់ណាមួយ ដោយអំពើហិង្សា និងភេរវកម្មនឹងត្រូវបានចាត់ទុកជាអំពើ ប្រល័យពូជសាសន៍។

* ប្រវត្តិនៃការបណ្ដេញប្រជាជនប៉ាឡេស្ទីន
នៅមុន និងអំឡុងសង្រ្គាមបង្កើតរដ្ឋអ៉ីស្រាអែលឆ្នាំ១៩៤៨ មានជនជាតិប៉ាឡេស្ទីន ៧០០ ០០០នាក់ដែលជាចំនួនភាគច្រើននៃជនជាតិប៉ាឡេស្ទីនមុនសង្រ្គាមផ្ទុះឡើង បានរត់ភៀសខ្លួន ឬត្រូវបានបង្ខំឱ្យចាកចេញពី ផ្ទះសម្បែងរបស់ពួកគេដែលសព្វថ្ងៃស្ថិតនៅក្នុងប្រទេសអ៉ីស្រាអែល ហើយព្រឹត្តិការណ៍នេះត្រូវបានប្រជាជនប៉ាឡេស្ទីនហៅថា Nakba ឬមានន័យមហន្តរាយ។ អ៉ីស្រាអែលមិនបានអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីន ទាំងនោះ ត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេនោះទេ ដោយសារខ្លាចថាវានឹងធ្វើឱ្យប្រជាជនប៉ាឡេស្ទីនមានសំឡេងភាគច្រើននៅលើដីដែលខ្លួនបង្កើតជារដ្ឋ។ ប្រជាជនប៉ាឡេស្ទីនជាជនភៀសខ្លួន និងកូនចៅរបស់ពួកគេ ឥលូវ មានចំនួនប្រហែល ៦លាននាក់ ហើយក្នុងនោះភាគច្រើនកំពុងរស់នៅក្នុងតំបន់ហ្កាហ្សា ព្រមទាំងតំបន់ West Bank ហ្ស៊កដានី លីបង់ និងស៊ីរី។

ក្នុងសង្រ្គាមឆ្នាំ១៩៦៧ នៅពេលអ៉ីស្រាអែលដណ្ដើមបានតំបន់ហ្កាហ្សា និង West Bank ប្រជាជនប៉ាឡេស្ទីនជាង ៣០០ ០០០នាក់បន្ថែមទៀត បានរត់ភៀសខ្លួន ក្នុងនោះភាគច្រើនភៀសខ្លួនទៅកាន់ហ្ស៊កដានី ហើយចាប់តាំងពីពេលនោះមក វិបត្តិជនភៀសខ្លួនបានក្លាយជាចំណុចស្នូលនៃជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ ប្រជាជនប៉ាឡេស្ទីនបានអះអាងថាពួកគេមានសិទ្ធិត្រឡប់កាន់ផ្ទះសម្បែងរបស់ពួកគេវិញ ខណៈ អ៉ីស្រាអែលថាប្រជាជនប៉ាឡេស្ទីនគួរតែត្រូវបានប្រទេសអារ៉ាប់នៅជុំវិញទទួលឱ្យជ្រកកោន។ ប្រជាជនប៉ាឡេស្ទីនជាច្រើនយល់ថាសង្រ្គាមសព្វថៃដែលកំពុងផ្អាកដោយបទឈប់បាញ់ដ៏ផុយស្រួយមួយ និងបង្ខំឱ្យពួកគេ ចាកចេញពីផ្ទះ គឺជាព្រឹត្តិការណ៍ Nakba ថ្មីមួយ ហើយបារម្ភថាប្រសិនបើពួកគេមួយចំនួនធំចាកចេញពីហ្កាហ្សា នោះពួកគេប្រហែលជាមិនអាចត្រឡប់មកវិញបានឡើយ។

* ជាបន្ទាត់ក្រហមសម្រាប់ប្រទេសអារ៉ាប់ដែលចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីស្រាអែល
អេហ្ស៉ីប និងហ្ស៊កដានី បានប្រកាសច្រានចោលគំនិតទទួលយកជនភៀសខ្លួនមកពីតំបន់ហ្កាហ្សា តាំងតែពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រោយក្រុមមន្ត្រីអ៉ីស្រាអែលមួយចំនួន បានលើកឡើងពីគំនិតបែបនេះ។ ប្រទេសទាំង២សុទ្ធតែបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីស្រាអែល ប៉ុន្តែពួកគេនៅតែគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនដោយឯករាជ្យមួយនៅក្នុងតំបន់ West Bank, Gaza និងទីក្រុងហ្ស៊េរុយសាឡិមខាងកើត។ ដូច្នេះទើប ពួកគេបារម្ភថាការជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សាជាអចិន្ត្រៃយ៍អាចធ្វើឱ្យគំនិតបង្កើតរដ្ឋប៉ាឡេស្ទីន ប្រែជាគ្មានន័យ។

ប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah el-Sissi ក៏ធ្លាប់បានព្រមានផងដែរពីផលវិបាកខាងសន្តិសុខដោយសារតែផ្ទេរ ឬបញ្ជូនប្រជាជនប៉ាឡេស្ទីនក្នុងចំនួនដ៏ច្រើនចូលទៅតាំងទីលំនៅក្នុងតំបន់ឧបទ្វីបស៊ីណៃ (Sinai) មានព្រំដែនជាប់តំបន់ហ្កាហ្សា។ អេហ្ស៉ីបតែងតែចោទប្រកាន់ថាក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដទៃទៀតអាចនឹងបន្លំខ្លួនក្នុងចំណោមប្រជាជនប៉ាឡេស្ទីនដើម្បីចូលក្នុងតំបន់ឧបទ្វីបស៊ីណៃ ដែលនេះអាចនឹងបង្កឱ្យមានសង្រ្គាមនៅលើទឹកដីអេហ្ស៉ីបនៅថ្ងៃណាមួយ។ ការចោទប្រកាន់របស់លោក el-Sissi គឺដូចគ្នាទៅនឹងរឿងរ៉ាវដែលបានកើតឡើងក្នុងប្រទេសលីបង់អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ នៅពេលដែល អតីតមេដឹកនាំអង្គការរំដោះប៉ាឡេស្ទីន លោក Yasser Arafat បានដឹកនាំក្រុមសកម្មប្រយុទ្ធជាមួយការប្រែក្លាយភាគខាងត្បូងនៃប្រទេសលីបង់ ជាមូលដ្ឋានសម្រាប់ការវាយប្រហារលើអ៉ីស្រាអែល។ វិបត្តិជនភៀសខ្លួន និងសកម្មភាពរបស់អង្គការរំដោះប៉ាឡេស្ទីន (PLO) បានរុញច្រានលីបង់ធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលក្នុងឆ្នាំ១៩៧៥ ហើយអ៉ីស្រាអែលបានឈ្លានពានចូលលីបង់២លើក និងគ្រប់គ្រងភាគខាងត្បូងលីបង់ពីឆ្នាំ១៩៨២ ដល់ឆ្នាំ២០០០។

ចំណែក ហ្ស៊កដានី ដែលបានប៉ះទង្គិចគ្នាជាមួយ PLO និងបានបណ្ដេញ PLO ចេញ នៅក្រោមកាលៈទេសៈស្រដៀងគ្នានេះដែរក្នុងឆ្នាំ១៩៧០ បានទទួលយកប្រជាជនប៉ាឡេស្ទីនច្រើនជាង ២លាននាក់ ហើយក្នុងនោះ ភាគច្រើនទទួលបានសញ្ជាតិហ្ស៊កដានី។ អ្នកនយោបាយស្ដាំនិយមជ្រុលអ៉ីស្រាអែលបានលើកឡើងជាយូរមកហើយថាហ្ស៊កដានីត្រូវបានចាត់ទុកថាជារដ្ឋប៉ាឡេស្ទីនមួយទៅហើយ ដូច្នេះពួកគេអាចបន្តគ្រប់គ្រងតំបន់ West Bank។ ប៉ុន្តែ ហ្ស៊កដានីបានច្រានចោលគំនិតនេះដាច់ខាត។

​* តើលោក ត្រាំ អាចបង្ខំអេហ្ស៉ីប និងហ្ស៊កដានី ទទួលយកជនភៀសខ្លួនឬ?

ថាតើលោក ត្រាំ អាចបង្ខំអេហ្ស៉ីប និងហ្ស៊កដានី ទទួលយកជនភៀសខ្លួនឬក៏យ៉ាងណា? គឺវាអាស្រ័យលើថាតើលោក ត្រាំ មានភាពប្រាកដប្រជាកម្រិតណា និងថាតើលោកត្រៀមខ្លួនដើរឆ្ងាយប៉ុនណាចំពោះគំនិតរបស់ លោក។ ការដំឡើងពន្ធ គឺជាអាវុធសេដ្ឋកិច្ចមួយដែលលោក ត្រាំ ពេញចិត្តជាងគេ ហើយទណ្ឌកម្មអាចនឹងបង្កការខូចខាតធ្ងន់ធ្ងរដល់ហ្ស៊កដានី និងអេហ្ស៉ីប។ ប្រទេសទាំង២នេះទទួលបានជំនួយរាប់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំពីសហរដ្ឋអាមេរិក ស្របពេលអេហ្ស៉ីបកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចរួចទៅហើយ។ ប៉ុន្តែ ការអនុញ្ញាតឱ្យមានលំហូរជនភៀសខ្លួនអាចនឹងបង្កទៅជាអស្ថិរភាព។ អេហ្ស៉ីបបាននិយាយថាសព្វថ្ងៃខ្លួន បានទទួលជនភៀសខ្លួន ៩លាននាក់ឱ្យជ្រកកោន ក្នុងនោះរួមមានទាំងជនភៀសខ្លួនមកពីសង្រ្គាមស៊ីវិលនៅស៊ូដង់។ ហ្ស៊កដានីវិញដែលមានប្រជាជនជិត ១២លាននាក់ បានទទួលឱ្យជនភៀសខ្លួន ៧០០ ០០០នាក់ ជ្រកកោន ជាពិសេសមកពីស៊ីរី។

ណាមួយ ការដាក់សម្ពាធជ្រុលហួសហេតុរបស់លោក ត្រាំ ក៏ប្រថុយនឹងបង្កជាភាពប្រេះឆាជាមួយសម្ព័ន្ធមិត្តដ៏សំខាន់ៗរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលលោក ត្រាំ មានទំនាកទំនងល្អជាមួយ ពោលមិនមែនត្រឹមតែ ជាមួយលោក el-Sissi និងព្រះមហាក្សត្រហ្ស៊កដានី ព្រះចៅ Abdullah II ប៉ុណ្ណោះទេ តែវាក៏អាចបង្កភាពល្អក់កករជាមួយមេដឹកនាំអារ៉ាប៊ីសាអូឌី កាតា និងតួកគី រួមទាំងមេដឹកនាំក្នុងតំបន់ដែលគាំទ្របុព្វហេតុប៉ាឡេស្ទីន ផងដែរ។ បន្ថែមពីលើនេះ វាអាចបង្កភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដើម្បីឱ្យអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ភ្ជាប់ទំនាក់ទំនងជាប្រក្រតីនឹងគ្នា ដែលជាកិច្ចប្រឹងប្រែងមួយដែលលោក ត្រាំ បានស្វះស្វែងយ៉ាងខ្លាំង កាលពីអាណត្តិទី១ របស់លោក ទៀតផង៕