(ស៉ីដនី)៖ នាថ្ងៃអង្គារ ទី២៨ ខែមករានេះ ក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងព្យាយាមបញ្ឈប់ការរីករាលដាលនៃភ្លើងឆេះ នៅភាគអាគ្នេយ៍ប្រទេសអូស្រា្តលី ដែលផ្ទៃដីរាប់ម៉ឺនហិកតានៃឧទ្យានជាតិត្រូវឆេះ ហើយសហគមន៍កសិកម្ម ត្រូវបង្ខំចិត្តជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បាតុភូតរន្ទះ កាលពីល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) បានបង្កជាភ្លើងឆេះនៅឧទ្យានជាតិ Grampians ដែលជាជួរព្រៃភ្នំ ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រភាគខាងលិចទីក្រុង Melbourne នៃរដ្ឋ Victoria។ រីឯភ្លើងឆេះដាច់ដោយឡែកមួយ នៅឯឧទ្យានជាតិ Little Desert ភាគខាងលិចនៃរដ្ឋ បានបំផ្លាញអស់ជិត ៦៥ ០០០ហិកតា ក្នុងរយៈពេលតិចជាង ២៤ម៉ោង។
អគ្គីភ័យនោះ បានបង្ខំឱ្យមានការជម្លៀសប្រជាជនសហគមន៍ជនបទ Dimboola មុនពេលកម្រិតនៃការគំរាមកំហែង ថយចុះនៅរសៀលថ្ងៃអង្គារ។ ស្នងការគ្រប់គ្រងគ្រាអាសន្ន លោក Rick Nugent បានប្រាប់អ្នកយកព័ត៌មានថា «មិនមានមនុស្សបាត់បង់ជីវិត និងរបាយការណ៍អំពីអ្នករងរបួសនោះទេ»។
មន្រ្តីមកពីទីភ្នាក់ងារគ្រប់គ្រងភ្លើងឆេះព្រៃរដ្ឋ Victoria បានព្រមានថា លក្ខខណ្ឌអាកាសធាតុ ក្នុងពេលពីរទៅបីថ្ងៃខាងមុខ កំពុងបង្កើនលទ្ធភាពនៃភ្លើងឆេះរាលដាល។ ការិយាល័យឧតុនិយម Kevin Parkyn បានឱ្យដឹងថា ស្ថានភាពរលកកម្តៅ នឹងកើតមានលើផ្នែកខ្លះនៃរដ្ឋ Victoria នាថ្ងៃសៅរ៍ ដោយបង្កើនហានិភ័យអគ្គិភ័យ៕