(អ៊ីស្តង់ប៊ុល)៖ តួកគី បានប្រកាសពីការសម្លាប់យុទ្ធជនឃឺដ ១៣ នាក់ នៅភាគខាងជើងស៊ីរី និង ២នាក់ទៀតនៅអ៊ីរ៉ាក់ នៅថ្ងៃអង្គារនេះ ដែលជាសញ្ញាបង្ហាញពីការ កើនឡើងនូវប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមទាំងនោះ ដែលខ្លះមានទំនាក់ទំនង ជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការពារជាតិតួកគី បានបញ្ជាក់ថា យុទ្ធជនដែលត្រូវបានសម្លាប់នៅស៊ីរី ជាមនុស្សរបស់ក្រុម PKK និង YPG ដែលតួកគីចាត់ទុកជាក្រុមតែមួយ ខណៈដែលសហរដ្ឋអាមេរិក ចាត់ទុកពួកគេជាក្រុមពីរដាច់ដោយឡែកពីគ្នា ដោយចាត់ទុក PKK ជាភេរវករ ប៉ុន្តែគាំទ្រក្រុម YPG ជាសម្ព័ន្ធមិត្តប្រឆាំងនឹងរដ្ឋអ៊ីស្លាម។
តួកគីតែងតែទាមទារឱ្យអាមេរិកឈប់គាំទ្រក្រុម YPG ដោយសង្ឃឹមថា រដ្ឋបាលថ្មី របស់លោក ដូណាល់ ត្រាំ នឹងពិនិត្យឡើងវិញនូវគោលនយោបាយនេះ។ របាយការណ៍ពីការ ប៉ះទង្គិចគ្នានេះគឺជាលើកទីពីរក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ។
កងកម្លាំងតួកគី និងសម្ព័ន្ធមិត្តរបស់ពួកគេនៅស៊ីរី បានប្រយុទ្ធជាញឹកញាប់ ជាមួយ យុទ្ធជនឃឺដ ចាប់តាំងពីការផ្តួលរំលំប្រធានាធិបតីស៊ីរី Bashar Al-Assad។ តួកគី ព្រមានថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយអាមេរិក រួមទាំង YPG ត្រូវតែដកហូតអាវុធ បើមិនដូច្នោះទេនឹងប្រឈមមុខនឹងអន្តរាគមន៍យោធា។
គួរបញ្ជាក់ថា ការកើនឡើងនូវប្រតិបត្តិការយោធារបស់តួកគី គឺជាសញ្ញាបង្ហាញពី ភាពតានតឹងដែលអាចកើតមាន រវាងតួកគីនិងសហរដ្ឋអាមេរិក ជុំវិញការគាំទ្ររបស់ អាមេរិកដល់ YPG ខណៈ តួកគីបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការកម្ចាត់ក្រុមនេះ ដែលខ្លួនចាត់ទុកជាការគំរាមកំហែងសន្តិសុខ៕