(បេរូត)៖ ក្រសួងសុខាភិបាលលីបង់ នៅថ្ងៃអង្គារនេះបានរាយការណ៍ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៥ នាក់បានស្លាប់ និង ១៦០នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហាររយៈពេលបីថ្ងៃរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

ហេតុការណ៍នេះកើតឡើង ខណៈប្រជាជនរាប់រយនាក់ព្យាយាមវិលត្រឡប់ទៅកាន់ភូមិ របស់ពួកគេវិញ ក្រោយថ្ងៃកំណត់នៃការដកទ័ពរបស់អ៊ីស្រាអែលបានកន្លងផុតទៅ។

ចាប់តាំងពីថ្ងៃអាទិត្យ អ្នកស្រុកលីបង់បានប្រមូលផ្តុំគ្នានៅជាយក្រុយនៃភូមិព្រំដែន ដោយធ្វើ ដំណើរឆ្ពោះទៅផ្ទះរបស់ពួកគេវិញ។ ទោះយ៉ាងណា កងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារលើជនស៊ីវិលទាំងនោះ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន។

យោធាអ៊ីស្រាអែលបានអះអាងថា ការបាញ់ប្រហារនេះ គឺគ្រាន់តែជាការបាញ់ព្រមាន សំដៅបោសសម្អាតការគំរាមកំហែង នៅតំបន់មួយចំនួនប៉ុណ្ណោះ។

ការវិវត្តន៍នេះកើតឡើង បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ រវាងក្រុម Hezbollah និងយោធាអ៊ីស្រាអែល ដែលចូលជាធរមានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដោយ។ អ៊ីស្រាអែលបានអះអាងថា ខ្លួននឹងរក្សាកងទ័ពនៅភាគខាងត្បូងហួសពីថ្ងៃកំណត់ ដោយ លើកឡើង ពីការខកខានរបស់លីបង់ ក្នុងការអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា ការបាញ់ប្រហាររបស់អ៊ីស្រាអែលលើជនស៊ីវិលលីបង់ បានបង្កើនភាពតានតឹង នៅតាមព្រំដែននិងធ្វើឱ្យអនាគតនៃបទឈប់បាញ់ កាន់តែស្រពេចស្រពិល៕