(កៀវ)៖ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយអ៊ុយក្រែន កំពុងបើកការស៊ើបអង្កេតលើរដ្ឋមន្ត្រីការពារជាតិលោក Rustem Umerov ជុំវិញជម្លោះ ពាក់ព័ន្ធនឹងការទិញអាវុធ។ ការណ៍នេះអាចនឹងបង្កឱ្យមានជម្លោះផ្ទៃក្នុង នៅក្នុងក្រសួងការពារជាតិ និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់ ទីក្រុងកៀវជាមួយសម្ព័ន្ធមិត្តលោកខាងលិច។
ការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) បានបញ្ជាក់ ប្រាប់ Reuters ក្នុង សេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតដែល ត្រូវបានស្នើសុំដោយអង្គការឃ្លាំមើលអំពើពុករលួយ នឹងពិនិត្យមើលថាតើមានការរំលោភអំណាចដោយលោក Umerov ដែរ ឬទេ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។
អង្គការនេះបានចោទប្រកាន់ លោក Umerov ពីបទប្រព្រឹត្តខុសច្បាប់ ដោយដកតំណែងប្រធានទីភ្នាក់ងារលទ្ធកម្មការពារជាតិ (DPA) ដែល កិច្ចសន្យារបស់គាត់ ត្រូវបានបដិសេធមិនបន្ត ដោយលោក Umerov ក្រោយពីរិះគន់ការងាររបស់ទីភ្នាក់ងារនេះ។
កាលពីសប្តាហ៍មុន លោក Umerov បានថ្លែងថា DPA ដែលសម្របសម្រួលការទិញសព្វាវុធបានបរាជ័យ ក្នុងការផ្តល់លទ្ធផលដល់កងកម្លាំងអ៊ុយក្រែន។
គួរបញ្ជាក់ថា ជម្លោះនេះកើតឡើងក្នុងពេលវេលាដ៏សំខាន់មួយ ក្នុង សង្រ្គាមជាមួយរុស្ស៊ី ខណៈដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិនិត្យឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះយោធា អ៊ុយក្រែន។ ទន្ទឹមនឹងនេះទីក្រុងកៀវកំពុងព្យាយាមបញ្ចុះបញ្ចូលដៃគូ លោកខាងលិចរបស់ខ្លួនថា ខ្លួនកំពុងតែយកឈ្នះលើបញ្ហាអំពើពុករលួយ ជាសកល៕