(គែរ)៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al-Sisi បានប្រកាសថា អេហ្ស៊ីបនឹងមិនចូលរួមក្នុងផែនការជម្លៀសប្រជាជនប៉ាឡេស្ទីនទេ ដោយលោកចាត់ទុកថា វាជាអំពើ «អយុត្តិធម៌» និងគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសនេះធ្វើឡើង ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើឱ្យអេហ្ស៊ីប ទទួលយកជនភៀសខ្លួនប៉ាឡេស្ទីនពីតំបន់ហ្គាហ្សា។

លោក Sisi បានបញ្ជាក់ថា អេហ្ស៊ីបនឹងសហការជាមួយរដ្ឋបាលអាមេរិកថ្មី ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព សម្រាប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។ ប៉ុន្តែលោកបានបដិសេធផែនការតាំងទីលំនៅថ្មីរបស់ប្រជាជនប៉ាឡេស្ទីន ដោយចាត់ទុកថា វានឹងប៉ះពាល់ដល់សន្តិសុខរបស់អេហ្ស៊ីប។

«ទាក់ទងនឹងអ្វីដែលកំពុងនិយាយ អំពីការជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា វាមិនអាចត្រូវបានអត់ឱន ឬអនុញ្ញាតឡើយ ដោយសារតែវាប៉ះពាល់ដល់សន្តិសុខជាតិអេហ្ស៊ីប» លោក Sisi បាននិយាយ។

កាលពីពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ បានស្នើឱ្យអេហ្ស៊ីបនិងហ្ស៊កដានី ទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន ពីតំបន់ហ្គាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសង្រ្គាម។ ប៉ុន្តែ ប្រទេសទាំងពីរបានបដិសេធសំណើនេះ។

គួរបញ្ជាក់ថា ហ្ស៊កដានីគឺជាទីជម្រករបស់ជនជាតិប៉ាឡេស្ទីនជាច្រើនលាននាក់រួចទៅហើយ ស្របពេលដែលជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ ក៏កំពុងរស់នៅក្នុងប្រទេសអេហ្ស៊ីបផងដែរ។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្រសួងការបរទេសនៃប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយបដិសេធការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលចង់ជម្លៀសប្រជាជនប៉ាឡេស្ទីនទាំងអស់ចេញពីតំបន់ហ្គាហ្សា៕