(តូក្យូ)៖ កាសែតជប៉ុន Asahi នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា បានរាយការណ៍ថាជប៉ុន និងសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃគម្រោងរៀបចំជំនួបមួយរវាងលោកនាយករដ្ឋមន្ត្រី Shigeru Ishiba ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមសេចក្ដីរាយការណ៍របស់កាសែត Asahi មេដឹកនាំនៃប្រទេសទាំង២ នឹងពិភាក្សាគ្នាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសេដ្ឋកិច្ច ហើយលោក Ishiba មានបំណងកសាង ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយលោក Trump និងបានឯកភាពគ្នាលើការពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិក ឱ្យកាន់តែស៊ីជម្រៅ។ ជុំវិញសេចក្ដីរាយការណ៍របស់ Asahi ផងដែរ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានប្រាប់ Reuters ថាមិនទាន់ការសម្រេចចិត្តចុងក្រោយណាមួយទេអំពីកាលបរិច្ឆេទជាក់លាក់សម្រាប់កិច្ចប្រជុំរវាងមេដឹកនាំទាំង២ ខណៈកាលវិភាគនានាកំពុងស្ថិតក្រោមការសម្របសម្រួល។

បន្ថែមពីលើនេះ លោក Ishiba ក៏មានផែនការពន្យល់ពីការបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិក ដោយបណ្ដាក្រុមហ៊ុនជប៉ុន និងការកើនឡើងកញ្ចប់ថវិកាយោធារបស់ជប៉ុនផងដែរនៅឯជំនួបណាមួយជាមួយ លោក Trump៕