(ដូហា)៖ Emir របស់កាតា គឺ Sheikh Tamim bin Hamad Al-Thani បំពេញទស្សនកិច្ចនៅរដ្ឋធានីដាម៉ាសនៃប្រទេសស៊ីរី នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាម ការរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចនេះ គឺជាសញ្ញាគាំទ្រដ៏សំខាន់មួយដល់រដ្ឋាភិបាលបណ្តោះអាសន្នថ្មី របស់ ស៊ីរី ក្រោយការទម្លាក់របបលោក Assad កាលពីឆ្នាំមុន។

កាតាដែលជាអ្នកគាំទ្រដ៏សំខាន់ នៃក្រុមឧទ្ទាមប្រឆាំងលោក Assad កំពុងដើរតួនាទីយ៉ាងសកម្មក្នុងការជួយស៊ីរី។ ប្រភពនានាបានឱ្យដឹងថា កាតាគ្រោងនឹងជួយផ្តល់ហិរញ្ញប្បទាន ដល់ការដំឡើងប្រាក់ខែ ក្នុងវិស័យសាធារណៈ តាមការសន្យារបស់រដ្ឋាភិបាលថ្មី។

មេដឹកនាំស៊ីរី បច្ចុប្បន្ន លោក Ahmed al-Sharaa ត្រូវបានប្រកាសជាប្រធានាធិបតី បណ្តោះអាសន្នសម្រាប់ដំណាក់កាលអន្តរកាលមួយ កាលពីថ្ងៃពុធសប្តាហ៍នេះ។ កាលពីដើមខែមករានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរបស់ កាតា Sheikh Mohammed bin Abdulrahman Al Thani បាន ធ្វើទស្សនកិច្ច នៅទីក្រុងដាម៉ាសរួចមកហើយ ដោយសន្យាផ្តល់អគ្គិសនី ២០០ មេហ្គាវ៉ាត់ ដល់ស៊ីរី។

គួរ​បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ Emir កាតា គឺជាការបង្ហាញពីការគាំទ្រយ៉ាងច្បាស់ របស់កាតាចំពោះរដ្ឋាភិបាលថ្មីនៅស៊ីរី និងជាការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រោយការដួលរលំនៃរបប Assad៕