(ម៉ិកស៉ីកូ)៖​ ប្រធានាធិបតីម៉ិកស៉ិក​ លោកស្រី Claudia Sheinbaum បាននិយាយថា ក្រុមហ៊ុន​ Google កំពុងធ្វេីខុសហេីយដែលយល់ព្រមផ្លាស់ប្តូរឈ្មោះ​ឈូងសមុទ្រម៉ិកស៉ិក​ នៅលើកម្មវិធី Google Maps របស់ខ្លួន ទៅតាមបទបញ្ជាពីប្រធានាធិបតីអាមេរិក លោក​ ដូណាល់​ ត្រាំ។ នេះ​បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី៣១​ ខែមករា​ ឆ្នាំ​ ២០២៥។

Google កាលពីថ្ងៃចន្ទ ទី២៧ ខែមករា បានប្រកាសថា កម្មវិធីផែនទី Google Maps របស់ខ្លួន​ នឹងផ្លាស់ប្តូរឈ្មោះ របស់ឈូងសមុទ្រម៉ិកស៉ិក (Gulf of Mexico) ទៅជា ឈូងសមុទ្រអាមេរិក (Gulf of America) វិញ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាផ្លូវការ នៅក្នុងប្រព័ន្ធព័ត៌មានឈ្មោះទីតាំងភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក GNIS។​ ទោះជាបែបនេះក្តី ឈ្មោះដែលត្រូវបានផ្លាស់ប្តូរនោះ នឹងត្រូវមើលឃើញតែ នៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយឈ្មោះ ឈូងសមុទ្រម៉ិកស៉ិក នឹងបន្តរក្សាឱ្យនៅដដែល នៅក្នុងប្រទេសម៉ិកស៉ិក។ ដោយឡែក នៅក្រៅប្រទេសទាំងពីរនេះវិញ អ្នកប្រើប្រាស់អន្តរជាតិ នឹងមើលឃើញឈ្មោះទាំងពីរតែម្តង នៅលើកម្មវិធី Google Maps។

ក្នុងលិខិតមួយផ្ញេីទៅកាន់ក្រុមហ៊ុន​ Google លោកស្រី​ Sheinbaum បានលេីកឡេីងថា​ សហរដ្ឋអាមេរិក​ មិនអាចផ្លាស់ប្តូរជាឯកតោភាគីនូវឈ្មោះដែនទឹក​ ដែលខ្លួនចែករំលែកជាមួយគុយបា បានឡេីយ។ យោងតាមប្រទេសម៉ិកស៉ិក​ ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក​ មិនស្របតាមច្បាប់ទេ ដោយសារអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ​ កំណត់ថាទឹកដីអធិបតេយ្យរបស់ប្រទេសនីមួយៗ​ លាតសន្ធឹងត្រឹមតែប្រហែល ២២គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ចេញពីឆ្នេរសមុទ្រ។

គួរបញ្ជាក់​ លោកស្រី​ Sheinbaum និងលោក​ ត្រាំ ធ្លាប់ជជែកគ្នាអំពីការផ្លាស់ប្តូរឈ្មោះ​នោះ​ដែរ​ ហេីយកន្លងមកប្រធានាធិបតីម៉ិកស៊ិកមុន​ បាននិយាយលេងថា​ ប្រសិនបើប្រទេសនានាចាប់ផ្តើមផ្លាស់ប្តូរឈ្មោះនោះ​ ប្រហែលជាអាមេរិកខាងជើងគួរតែត្រូវបានគេហៅថា «​អាមេរិកម៉ិកស៉ិក» តាមផែនទីនៃតំបន់ពីឆ្នាំ ១៦០៧៕