(វ៉ាស៉ីនតោន)៖​ មន្ត្រីសហរដ្ឋអាមេរិក និងហ្កាតេម៉ាឡា​ បានឱ្យដឹងថា​ ជើងហោះហើរនិរទេសជនអន្តោប្រវេសន៍ហ្កាតេម៉ាឡា​ តាមយន្តហោះយោធាអាមេរិក​ ក្រោមបទបញ្ជារបស់លោកប្រធានាធិបតី​ ដូណាល់​ ត្រាំ​ កាលពីថ្ងៃចន្ទដេីមសប្តាហ៍ ទំនងជាមានតម្លៃយ៉ាងហោចណាស់ ៤​ ៦៧៥ដុល្លារ​ សម្រាប់មនុស្សម្នាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសុក្រ​ ទី៣១​ ខែមករា​ ឆ្នាំ​ ២០២៥។

តម្លៃនោះគឺថ្លៃជាង ៥ដងនៃតម្លៃសំបុត្រ ៨៥៣ដុល្លារសម្រាប់មនុស្សម្នាក់​ នៅលើជេីងយន្តហោះអាមេរិកចេញពីទីក្រុង​ El Paso រដ្ឋតិចសាស់។ វាក៏ខ្ពស់ជាងតម្លៃនៃការហោះហើរតាមយន្តហោះពាណិជ្ជកម្ម​ រៀបចំដោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក​ (ICE) ផងដែរ។

មន្ត្រីអាមេរិកម្នាក់​ បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការចំណាយលើប្រតិបត្តិការយន្តហោះដឹកជញ្ជូនយោធា C-17 គឺ ២៨​ ៥០០ដុល្លារក្នុងមួយម៉ោង។ ការហោះហើរ​ត្រលប់ទៅហ្កាតេម៉ាឡា ដោយមិនរាប់បញ្ចូលពេលវេលាចុះចត ឬប្រតិបត្តិការណាមួយដើម្បីរៀបចំការហោះហើរឡើងនោះ បានចំណាយពេលប្រហែល ១០ទៅ១០ម៉ោងកន្លះ​។

ដោយឡែក​ មន្ត្រីហ្កាតេម៉ាឡេ​ម្នាក់​ បាន​ប្រាប់​ Reuters ថាយន្តហោះដឹកជញ្ជូនយោធាដែលបានចុះចត​ កាលពីថ្ងៃចន្ទ​កន្លងទៅ​ មានមនុស្ស ៦៤នាក់។ ភ្លាមៗ​ មន្ទីរបញ្ចកោណមិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡេីយទេ។

គួរបញ្ជាក់ថា​ ដំណេីរការនិរទេសជនអន្តោប្រវេសន៍​តាមយន្តហោះយោធា​ បានចាប់ផ្តេីមកាលពីសប្តាហ៍មុន ជាផ្នែកមួយនៃការប្រកាសគ្រាអាសន្នថ្នាក់ជាតិស្តីពីអន្តោប្រវេសន៍របស់​ លោក​ ត្រាំ ហេីយរហូតមកដល់ពេលនេះបានបញ្ជូនយន្តហោះចំណាកស្រុកចំនួន ៦គ្រឿងទៅកាន់តំបន់អាមេរិកឡាទីន៕