(ប្រ៊ុចសែល)៖ ជម្លោះជុំវិញការបញ្ចប់លំហូរឧស្ម័នរុស្ស៊ីឆ្លងកាត់អ៊ុយក្រែនកាន់តែខ្លាំងឡើង ខណៈនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានគំរាមរារាំងការបន្ត ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី លុះត្រាតែសហភាពអឺរ៉ុបជួយសម្រួល ឱ្យមានការផ្គត់ផ្គង់ឧស្ម័នឡើងវិញ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់វិទ្យុរដ្ឋ នៅថ្ងៃសុក្រនេះ លោក Orban បានចោទប្រកាន់អ៊ុយក្រែនថា បានធ្វើឱ្យប៉ះពាល់ដល់ស្លូវ៉ាគី និងហុងគ្រី តាមរយៈការបញ្ឈប់ការដឹកជញ្ជូនឧស្ម័ន របស់រុស្ស៊ីទៅកាន់អឺរ៉ុបកណ្តាល ហើយការកើនឡើងជាលទ្ធផលនៃតម្លៃថាមពល គឺ «មិនអាចទទួលយកបាន»។
លោក Orban បានព្រមានថាហុងគ្រីនឹងប្រើសិទ្ធិវេតូរារាំងការបន្តទណ្ឌកម្មប្រឆាំង រុស្ស៊ី ដែលនឹងត្រូវពិនិត្យឡើងវិញ ក្នុងរយៈពេលប្រហែលប្រាំមួយខែ ប្រសិនបើគ្មានដំណោះស្រាយ។ លោកបានបញ្ជាក់ថា «គណៈកម្មការអឺរ៉ុបបានសន្យាថា នឹងធ្វើឱ្យ... អ៊ុយក្រែនចាប់ផ្តើមការដឹកជញ្ជូនឧស្ម័នរុស្ស៊ីឡើងវិញ»។
ទោះជាយ៉ាងណា គណៈកម្មការអឺរ៉ុបមិនបានធ្វើអត្ថាធិប្បាយភ្លាមៗ លើការលើកឡើង របស់លោក Orban នោះទេ។ គណៈកម្មការបានបញ្ជាក់ថា ខ្លួននឹងបន្តពិភាក្សាជាមួយអ៊ុយក្រែនលើការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ដោយមានការចូលរួមពីប្រទេស ហុងគ្រី និងស្លូវ៉ាគី។ គណៈកម្មការបានអះអាងជាយូរមកហើយថា អឺរ៉ុបមិនត្រូវការ ឧស្ម័នដែលចូលមកតាមរយៈអ៊ុយក្រែននោះទេ។
នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ដែលប្រទេសរបស់លោករងផលប៉ះពាល់ខ្លាំងជាងគេ ក៏បានគំរាមប្រើវិធានការស្រដៀងគ្នាប្រឆាំងអ៊ុយក្រែន រួមទាំងកាត់ ការផ្គត់ផ្គង់អគ្គិសនីបន្ទាន់ និងជំនួយដល់ជនភៀសខ្លួនផងដែរ។
គួរបញ្ជាក់ថា វិវាទជុំវិញការផ្គត់ផ្គង់ឧស្ម័ន បានបង្កើនភាពតានតឹងរវាងអ៊ុយក្រែន ជាមួយហុងគ្រី និងស្លូវ៉ាគី។ ហុងគ្រីកំពុងប្រើប្រាស់ការបន្តទណ្ឌកម្មរបស់ EU ជា ឧបករណ៍ដាក់សម្ពាធលើភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួល យកបាន៕