(តេអេរ៉ង់)៖ មេដឹកនាំ​កំពូល​អ៊ីរ៉ង់លោក Ayatollah Ali Khamenei នៅថ្ងៃពុធនេះ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពង្រឹង​សមត្ថភាព​យោធា​របស់​ប្រទេស​បន្ថែម​ទៀត ដោយ​លើក​ឡើង​ពី​តម្រូវការ​ក្នុង​ការ​បង្កើន​សមត្ថភាព​ការពារ​ជាតិ ​ចំ​ពេល​មាន​ភាព​តានតឹង​កើន​ឡើង​ជាមួយ​សហរដ្ឋ​អាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Khamenei បាន​ថ្លែង​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ នៅ​ឯ​ពិព័រណ៍​មួយ​ដែល​បង្ហាញ​ពី​សមិទ្ធផល​ចុង​ក្រោយ​បង្អស់​របស់​អ៊ីរ៉ង់ ​ក្នុង​វិស័យ​ការពារ​ជាតិ​ថា «វឌ្ឍនភាព (ផ្នែក​យោធា) មិន​គួរ​ត្រូវ​បាន​បញ្ឈប់​ទេ»។ លោក​បាន​សង្កត់ធ្ងន់​ថា អ៊ីរ៉ង់​មិន​គួរ​ស្កប់​ចិត្ត​នឹង​សមត្ថភាព​បច្ចុប្បន្ន​របស់​ខ្លួន​ឡើយ ហើយ​សូម្បី​តែ​ដែន​កំណត់​ពី​មុន​លើ​ភាព​ត្រឹមត្រូវ​នៃ​មីស៊ីល​ក៏​លែង​គ្រប់គ្រាន់​ទៀត​ដែរ។

គួរបញ្ជាក់ថា ការ​លើក​ឡើង​របស់​មេដឹកនាំ​កំពូល​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋបាល​អាមេរិកដែលដឹកនាំ ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ​កាលពីពេលថ្មីៗនេះ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ «ដាក់​សម្ពាធ​ជា​អតិបរមា» ឡើង​វិញ​លើ​ទីក្រុង​តេអេរ៉ង់ ដោយ​រួម​មាន​ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ និង​ការ​ប៉ុនប៉ង​រារាំង​ការ​នាំ​ចេញ​ប្រេង​របស់​អ៊ីរ៉ង់៕