(សេអ៊ូល)៖​ កូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ បាននិយាយថាសហរដ្ឋអាមេរិក គួរតែបោះបង់ចោលការគំរាមកំហែងយោធា ប្រសិនបើពិតជាព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួនឯង។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ក៏បានលើកឡើងផងដែរពីការអត្ថាធិប្បាយរបស់មេបញ្ជាយោធាអាមេរិកម្នាក់ កាលពីពេលថ្មីៗនេះស្ដីពីមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM របស់កូរ៉េខាងជើង ដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក។ តាម KCNA សហរដ្ឋអាមេរិកគឺជាអ្នកបង្កឱ្យមានការប្រឈមមុខដាក់គ្នា ក្នុងនោះរួមមានការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង និងការបញ្ជូននាវាមុធទឹកនុយក្លេអ៊ែរមកកាន់តំបន់ឧបទ្វីបកូរ៉េ។

KCNA បន្ថែមដែរថាវាជាសិទ្ធិអធិបតេយ្យរបស់កូរ៉េខាងជើង ក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពស្វ័យការពារខ្លួន៕