(យ៉ាងហ្គន)៖ របបសឹកមីយ៉ាន់ម៉ា នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ បានរិះគន់តុលាការមួយនៅក្នុងប្រទេសអាហ្សង់ទីន ដែលបានចេញដីកាចាប់ខ្លួនមេដឹកនាំកំពូលរបស់ខ្លួន ជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រតិកម្មរបស់របបសឹកមីយ៉ាន់ម៉ា ធ្វើឡើងជាការឆ្លើយតបទៅនឹងតុលាការមួយក្នុងប្រទេសអាហ្សង់ទីន ដែលនៅក្នុងសប្ដាហ៍នេះបានចេញដីកាចាប់ខ្លួនមន្ត្រីយោធា និងមន្ត្រីស៊ីវិលមីយ៉ាន់ម៉ាក្នុងនោះរួមមានទាំងមេដឹកនាំ របបសឹក លោក Min Aung Hlaing អតីតប្រធានាធិបតី លោក Htin Kyaw និងអតីតមេដឹកនាំ លោកស្រី Aung San Suu Kyi។ ដីកាដែល AFP បានឃើញកាលពីថ្ងៃសុក្រសប្ដាហ៍នេះត្រូវបានចេញតបតាម ពាក្យបណ្ដឹងមួយដាក់ជូនតុលាការអាហ្សង់ទីន ដោយក្រុមអ្នកការពារសិទ្ធិមនុស្សជនជាតិរ៉ូហ៊ីងយ៉ា។

គួរបញ្ជាក់ថា លោក Min Aung Hlaing បច្ចុប្បន្នក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ផងដែរ ខណៈតុលាការយុត្តិធម៌អន្តរជាតិ ICJ កំពុងត្រួតពិនិត្យលើពាក្យបណ្ដឹងមួយលើបទ ចោទប្រល័យពូជសាសន៍ប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា៕