(មុយនិក, អាល្លឺម៉ង់)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវរកការបង្កើតកងទ័ពអឺរ៉ុបដោយលើកហេតុផលថា តំបន់នេះមិនអាចទទួលបានការការពារពីសហរដ្ឋអាមេរិកទៀតទេ ហេីយតទៅនឹងមានត្រឹមតែការគាំទ្រផ្នែកយោធាប៉ុណ្ណោះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៥។
នៅក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយទៅកាន់សន្និសីទសន្តិសុខទីក្រុង Munich លោក ហ្សេលេនស្គី និយាយថា សុន្ទរកថារបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance កាលពីថ្ងៃមុន បង្ហាញច្បាស់ណាស់ថាទំនាក់ទំនងរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរ។
លោកគូសបញ្ជាក់ថា «សូមនិយាយដោយស្មោះត្រង់ ឥឡូវយើងមិនអាចបដិសេធលទ្ធភាពដែលអាមេរិក អាចនិយាយថាទេចំពោះអឺរ៉ុបលើបញ្ហាដែលគំរាមកំហែងនោះទេ។ មេដឹកនាំជាច្រើនបាននិយាយអំពីត្រូវការយោធា និងកងទ័ពអឺរ៉ុប ហើយខ្ញុំពិតជាជឿថា ពេលវេលាបានមកដល់ហើយ កងកម្លាំងប្រដាប់អាវុធអឺរ៉ុបត្រូវតែបង្កើតឡើង និងគួរតែរួមបញ្ចូលអ៊ុយក្រែនផង»។
គួរបញ្ជាក់ថា បេីតាមលោក ហ្សេលេនស្គី ទីក្រុងកៀវនឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាមរុស្ស៉ី-អ៊ុយក្រែនដែលធ្វើឡើងដោយគ្មានវត្តមានរបស់ខ្លួនឡេីយ។ លោកថា លោក ពូទីន អាចកំពុងព្យាយាមឱ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅចូលរួមខួបអនុស្សាវរីយ៍នៃសង្គ្រាមលោកលើកទី ២ ក្នុងទីក្រុងមូស្គូ នាថ្ងៃទី៩ ខែឧសភា ខាងមុខ ដេីម្បីយកមុខមាត់៕