(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង ប្រកាសថា រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រាប់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងថា សហរដ្ឋអាមេរិកចង់រក្សាស្ថិរភាពនៃទំនាក់ទំនងប្រកបដោយការជឿទុកចិត្ត ជាមួយកូរ៉េខាងត្បូង និងមិនគិតពីស្ថានភាពក្នុងស្រុករបស់ប្រទេសណាមួយឡេីយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោក Marco Rubio និងលោក Cho Tae-yul បានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំមួយនៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធឆ្ពោះទៅរកគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ក៏ដូចជាចែករំលែកក្តីបារម្ភអំពីកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៉ី និងកូរ៉េខាងជើង។

រដ្ឋមន្រ្តីទាំងពីរ បានព្រមព្រៀងសហការលើវិស័យថាមពល បច្ចេកវិទ្យាទំនើប ដូចជាការកសាងនាវា ថាមពលនុយក្លេអ៊ែរ និងឧស្ម័នធម្មជាតិរាវ (LNG)។

តាមក្រសួងការបរទេសកូរ៉េខាងត្បូង ជាការឆ្លើយតបទៅនឹងសំណើរបស់លោក Cho ដើម្បីដោះស្រាយបញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិក លោក Rubio បានអំពាវនាវឱ្យមានការពិគ្រោះយោបល់គ្ នារវាងក្រសួងពាក់ព័ន្ធ៕