(វ៉ាស៊ីនតោន)៖ ការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាងក្រុមមន្ត្រីអាមេរិក និងរុស្ស៉ី បានគូសបញ្ជាក់ពីមហិច្ឆតារបស់អារ៉ាប៊ីសាអូឌីតដែលចង់ក្លាយតួអង្គសកលមួយដែលមានសមត្ថភាពសម្របសម្រួលជម្លោះអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព ហើយគោលដៅមួយទៀត នោះគឺលើកមុខមាត់អារ៉ាប៊ីសាអូឌីត សម្រាប់កិច្ចចរចានាពេលអនាគតស្ដីជោគវាសនាតំបន់ហ្កាហ្សាក្រោយសង្រ្គាមបិទបញ្ចប់។ កាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ វិមានក្រឹមឡាំង បាននិយាយថាក្រុមមន្ត្រីកំពូលៗរបស់រុស្ស៉ីនឹងបើកកិច្ចចរចាជាមួយសមភាគីអាមេរិក ក្នុងទីក្រុងរីយ៉ាដ ស្ដីពីការស្ដារទំនាក់ទំនងឡើងវិញ កិច្ចចរចាស្ដីសន្តិភាពបញ្ចប់សង្រ្គាមអ៊ុយក្រែន ព្រមទាំង ការត្រៀមរៀបចំជំនួបកំពូលរវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតី លោក ដូណាល់ ត្រាំ។
តាមវិមានក្រឹមឡាំង ខាងភាគីរុស្ស៉ី មានរដ្ឋមន្ត្រីការបរទេស លោក Sergey Lavrov និងទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក ពូទីន គឺលោក Yuri Ushakov។ រីឯប្រតិភូអាមេរិកដឹកនាំដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។ មន្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់ បានប្រាប់ CNN ថានៅឯជំនួបនៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ រវាងសហរដ្ឋអាមេរិក និងរុស្ស៉ី អារ៉ាប៊ីសាអូឌីតមិនមែនរំពឹងត្រឹមតែសម្លឹងឃើញ ការដើរតួនាទីជាអ្នកសម្របសម្រួលតែប៉ុណ្ណោះទេ។ «ខ្ញុំមិនគិតទេថាមានកន្លែងផ្សេងទៀតដែលមានមេដឹកនាំម្នាក់មានទំនាក់ទំនងផ្ទាល់ខ្លួនល្អទាំងជាមួយលោក ត្រាំ និងលោក ពូទីន»។ នេះជាការលើកឡើងរបស់ អ្នកអត្ថាធិប្បាយអារ៉ាប៊ីសាអូឌីត លោក Ali Shihabi ដោយបន្ថែមថា «សម្រាប់អារ៉ាប៊ីសាអូឌីត វាជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាឱកាសដើម្បីពង្រឹងអំណាចស្រទន់របស់ខ្លួនទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ»។
* ខ្លួនមួយជិះទូកពីរ
អារ៉ាប៊ីសាអូឌីត ត្រូវបានគេមើលឃើញថាកំពុងព្យាយាមលើកមុខមាត់ខ្លួនឯងក្នុងនាមជាអ្នកស្វែងរកសន្តិភាពជូនពិភពលោក ដោយកន្លងមក សេ្ដចប្រេងមួយនេះបានរៀបចំកិច្ចប្រជុំម្ចាស់ជំនួយ និងសន្និសីទសន្តិភាព។ កាលពីខែសីហា ឆ្នាំ២០២៣ អារ៉ាប៊ីសាអូឌីតបានរៀបចំកិច្ចប្រជុំកំពូលសន្តិភាពរយៈពេល២ថ្ងៃស្ដីពីអ៊ុយក្រែន ដោយមានអ្នកតំណាងមកពីប្រទេសច្រើនជាង៤០ចូលរួម ហើយកាលពីខែកុម្ភៈ ឆ្នាំដដែលបានសន្យាផ្ដល់ ជំនួយ ៤០០លានដុល្លារសម្រាប់អ៊ុយក្រែន។ ការលេចមុខឡើងរបស់អារ៉ាប៊ីសាអូឌីត ក្នុងនាមជាអ្នកសម្របសម្រួលក្នុងកិច្ចចរចាសន្តិភាព គឺកើតចេញពីទំនាក់ទំនងជិតស្និទ្ធរបស់ព្រះម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាអ្នកគាំទ្រយ៉ាងពេញទំហឹងដល់ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន នៅពេលព្រះអង្គរងការរិះគន់ និងការចោទប្រកាន់ថាជាអ្នកបញ្ជាឱ្យគេសម្លាប់ អតីតអ្នកកាសែត លោក Jamal Khashoggi។ ក្នុងឆ្នាំ២០១៧ លោក ត្រាំ បានធ្វើខុសនឹងទម្លាប់របស់សហរដ្ឋអាមេរិក ដោយជ្រើសរើសអារ៉ាប៊ីសាអូឌីតជាគោលដៅធ្វើដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូង ក្រោយឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅពេលនោះ។ លើសពីនេះទៅទៀត ទោះជាលោកបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ក៏ដោយ ក៏អារ៉ាប៊ីសាអូឌីតនៅតែបន្តរក្សាទំនាក់ទំនង ជិតស្និទ្ធជាមួយលោក ត្រាំ ដោយប្រើអំណាចទឹកលុយក្នុងការវិនិយោគប្រាក់ ២ពាន់លានដុល្លារលើក្រុមហ៊ុនមួយគ្រប់គ្រងដោយកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Jared Kushner និងប្រកាសពីផែនការ សាងសង់អគារ Trump towers នៅលើទឹកដីអារ៉ាប៊ីសាអូឌីត។
ក្រៅពីលោក ត្រាំ ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន ក៏មានទំនាក់ទំនងផ្ទាល់ខ្លួនជិតស្និទ្ធជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីនដែរ។ ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន បានប្រឆាំងនឹងការដាក់សម្ពាធពីលោកខាងលិច ឱ្យផ្ដាច់ទំនាក់ទំនងជាមួយទីក្រុងមូស្គូ បន្ទាប់ពីសង្រ្គាមឈ្លានពានអ៊ុយក្រែនផ្ទុះឡើង ហើយនៅតែបន្តធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយលោក ពូទីន ក្នុងការគ្រប់គ្រងការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក ដោយ សុខចិត្តឈរខាងរុស្ស៉ី ទាត់ចោលការទទូចសុំពីអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឱ្យបង្កើនការផលិតប្រេងកាលពីឆ្នាំ២០២២។ លោក ពូទីនបានធ្វើទស្សនកិច្ចអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ២០២៣ និងបានបបួល អារ៉ាប៊ីសាអូឌីតចូលរួមក្នុងក្រុមប្រទេស BRICS ដែលជាប្លុកនៃក្រុមប្រទេសមានបំណងទប់ទល់ឥទ្ធិពលសេដ្ឋកិច្ចអាមេរិក។ តាមក្រុមអ្នកវិភាគ ការលេងល្បែងទំនាក់ទំនងរបស់អារ៉ាប៊ីសាអូឌីត ក្នុងពេលមហាអំណាចថ្មីៗ កំពុងលេចមុខឡើង បានផ្ដល់់ផលចំណេញមិនតិចនោះទេ។ ជាក់ស្ដែង បេសកជនពិសេសទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ារបស់លោក ត្រាំ គឺលោក Steve Witkoff បាននិយាយកាលពីពេលថ្មីៗនេះថាព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យមានការដោះលែងពលរដ្ឋអាមេរិកឈ្មោះ Mark Fogel ចេញពីការឃុំឃាំងរបស់រុស្ស៉ី។ អារ៉ាប៊ីសាអូឌីត រួមជាមួយអេមីរ៉ាតអារ៉ាប់រួម ក៏បានសម្របសម្រួល ដោយជោគជ័យនាំឱ្យមានការដោះដូរឈ្លើយសឹកជាច្រើននាក់រវាងរុស្ស៉ី និងអ៊ុយក្រែនផងដែរ។ តែយ៉ាងណាក៏ដោយ កិច្ចចរចារវាងក្រុមមន្ត្រីអាមេរិក និងរុស្ស៉ី ក្នុងទីក្រុងរីយ៉ាដ នាថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ នឹងមិនមានវត្តមាន ចូលរួមពីក្រុមមន្ត្រីអ៊ុយក្រែន និងអឺរ៉ុបនោះទេ។
* ភ្នែកសម្លឹងមើលតំបន់ហ្កាហ្សា
ក្នុងរយៈពេលវែង អារ៉ាប៊ីសាអូឌីតប្រហែលជាមានគោលបំណងប្រើប្រាស់តួនាទីរបស់ខ្លួន ក្នុងនាមជាអ្នកសម្របសម្រួលជំនួបរវាងរុស្ស៉ី និងសហរដ្ឋអាមេរិក ដើម្បីទាញយកប្រយោជន៍ពីស្ថានការណ៍ដ៏តានតឹងក្នុងតំបន់ មជ្ឈិមបូព៌ាសព្វថ្ងៃ ជាពិសេសក្រោយលោក ដូណាល់ ត្រាំ ប្រកាសចង់ឱ្យសហរដ្ឋអាមេរិកធ្វើជាម្ចាស់កម្មសិទ្ធិតំបន់ហ្កាហ្សា និងជម្លៀសប្រជាជនប៉ាឡេស្ទីនជាអចិន្ត្រៃយ៍ទៅកាន់ប្រទេសជិតខាង។ កាលពីដើមខែកុម្ភៈនេះ លោក ត្រាំ បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់លោកចំពោះសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈការកសាងតំបន់ហ្កាហ្សាឡើងវិញឱ្យក្លាយទៅជាទីក្រុងឆ្នេរសមុទ្រមួយ។ តែបណ្ដាប្រទេសអារ៉ាប់បានទាត់ចោលគំនិតនេះ ហើយគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលមួយក្នុងសប្ដាហ៍នេះ នៅអារ៉ាប៊ីសាអូឌីត ជាទីដែលសំណើប្រឆាំងនឹងគំនិតរបស់លោក ត្រាំ នឹងត្រូវបានលើកយកទៅពិភាក្សាមុននឹងបង្ហាញទៅកាន់លោក ត្រាំវិញ។
លោក Hasan Alhasan ជាអ្នកជំនាញជាន់ខ្ពស់ម្នាក់សម្រាប់គោលនយោបាយមជ្ឈិមបូព៌ា មកពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies) ក្នុងប្រទេសបារ៉ែន បាននិយាយថា «តាមរយៈការជួយសម្របសម្រួលគោលដៅបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនរបស់លោក ត្រាំ អារ៉ាប៊ីសាអូឌីត កំពុងសិ្ថតនៅលើទីតាំងដ៏ល្អមួយដើម្បីប្រមូលការគាំទ្រក្នុងទីក្រុងវ៉ាស៊ីនតោន»។ អ្នកជំនាញរូបនេះ បន្តថា «អារ៉ាប៊ីសាអូឌីត ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអារ៉ាប់មួយនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ អាចនឹងទាញយកប្រយោជន៍ពីការកើនឡើងភាគហ៊ុនរបស់ខ្លួនជាមួយរដ្ឋបាលរបស់លោក ត្រាំ ដើម្បីតភ្ជាប់ គម្លាតរវាងគោលជំហររបស់សហរដ្ឋអាមេរិក និងអារ៉ាប់ ពាក់ព័ន្ធនឹងជោគវាសនាតំបន់ហ្កាហ្សា»។
គួរបញ្ជាក់ថា តាមក្រុមអ្នកវិភាគ ក្នុងរយៈពេល៤ឆ្នាំទៅមុខ គេអាចនឹងបានឃើញព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន កសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយលោក ត្រាំ។ ប៉ុន្តែ ព្រះអង្គក៏ប្រហែលជាត្រូវព្យាយាមរក្សាតុល្យភាព ផលប្រយោជន៍ក្នុងតំបន់របស់ព្រះអង្គដែរ នៅចំពោះមុខការទទូចទាមទារសម្បទានពីលោក ត្រាំ។ លោក ត្រាំ វិញពិតជាចង់ឃើញអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ភ្ជាប់ទំនាក់ទំនងជាប្រក្រតីនឹងគ្នា។ តែក្នុងបរិបទនៃ ការខឹងសម្បារក្នុងចំណោមប្រជាជនអារ៉ាប់ ជុំវិញសង្រ្គាមរបស់អ៉ីស្រាអែលនៅហ្កាហ្សា ការគាំទ្រឱ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន នៅតែជាប្រធានបទមួយដែលមិនអាចយកទៅដាក់លើតុចរចាបានទេ សម្រាប់ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន ដែលបានបញ្ជាក់រួចហើយថាគ្មានឡើយការភ្ជាប់ទំនាក់ទំនងជាមួយអ៉ីស្រាអែល ដោយមិនមានការបង្កើតរដ្ឋប៉ាឡេស្ទីន៕