(កៀវ)៖ ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ Volodymyr Zelenskiy នៅថ្ងៃអាទិត្យនេះ បានអះអាងថា រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ដោយ​យន្តហោះដ្រូន ក្នុងទ្រង់ទ្រាយ​ដ៏​ធំ​បំផុត​មួយ ​មក​លើ​អ៊ុយក្រែន​ពេញ​មួយ​យប់កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈសារលើបណ្តាញទំនាក់ទំនងសង្គម X លោក​ Zelenskiy បាន​ថ្កោលទោស​ទង្វើ​នេះ​ថា​ជា​ «ភេរវកម្ម​ពី​លើ​អាកាស» និង​បាន​អំពាវនាវ​ឱ្យ​មាន​ឯកភាព​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន។ លោកបានបន្ថែមថា «ជា​រៀង​រាល់​ថ្ងៃ​ ប្រជាជន​របស់​យើង​​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​លើ​អាកាស»

មេដឹកនាំអ៊ុយក្រែនរូបនេះ ​បាន​បញ្ជាក់​ថា​ ចំនួនយន្តហោះដ្រូនដែលត្រូវបានរុស្ស៊ីបើកការវាយប្រហារលើកនេះ មានចំនួនរហូតដល់ ២៦៧ គ្រឿង ដែល​ជា​ការ​វាយ​ប្រហារ​ដ៏​ធំ​បំផុត ចាប់តាំងពីមានការប្រើប្រាស់ដ្រូនអ៊ីរ៉ង់មក ដោយធ្វើឡើងនៅមុនខួបលើកទីបី នៃសង្គ្រាមទ្រង់ទ្រាយធំ។

ទន្ទឹមគ្នានេះ កងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍ពីការបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ១៣៨ គ្រឿង ហើយ ១១៩ គ្រឿងទៀតបានបាត់ពីរ៉ាដា ដោយសារប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក ខណៈដែលការវាយប្រហារនេះ បណ្តាលឱ្យមានការខូចខាតនៅតំបន់ចំនួនប្រាំរបស់អ៊ុយក្រែន៕