(វ៉ាស៉ីនតោន)៖ សមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការទប់ស្កាត់ចិន នៃសភាតំណាងរាស្រ្តអាមេរិក មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានព្រមានកាលពីថ្ងៃអង្គារសប្តាហ៍នេះ ថាទីក្រុងប៉េកាំង អាចព្យាយាមប្រើប្រាស់វត្តមាន លោក Elon Musk ដើម្បីយកឈ្នះគោលនយោបាយរបស់សហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៉ីនតោន ត្រូវតែប្រឆាំងរាល់កិច្ចខិតខំប្រឹងប្រែងបែបនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។
ប្រធានគណៈកម្មាធិការមកពីបក្សសាធារណៈរដ្ឋ លោក John Moolenaar និងសមាជិកជាន់ខ្ពស់មកពីបក្សប្រជាធិបតេយ្យ លោក Raja Krishnamoorthi បាននិយាយថា ពួកគេជឿថា បក្សកុម្មុយនិស្តចិន ចង់ខ្ចីដៃអ្នករកស៉ីធំៗនៅអាមេរិក រួមទាំងមហាសេដ្ឋី Elon Musk ដែលជាបុគ្គលមានផលប្រយោជន៍ពាណិជ្ជកម្មនៅក្នុងប្រទេសចិន មកជំរុញគោលដៅរបស់ខ្លួន នៅពេលមានកិច្ចចរចាណាមួយ ជាមួយទីក្រុងវ៉ាស៉ីនតោន។
លោក Moolenaar បានប្រាប់ព្រឹត្តិការណ៍មួយដែលរៀបចំដោយស្ថាប័ន Brookings Institution thinktank ដូច្នេះថា «និយាយដល់លោក Elon Musk ខ្ញុំជឿថាបក្សកុម្មុយនិស្តចិន នឹងព្យាយាម ហើយប្រើប្រាស់ឱកាសណាមួយ»។ រីឯ លោក Krishnamoorthi និយាយថា ទីក្រុងប៉េកាំងនឹងមើលឃើញថា លោក Musk អាចជួយពួកគេឱ្យគេចផុត ពីការចរចាកម្រិតណាមួយ។ ខ្ញុំសង្ឃឹមថា លោកប្រធានាធិបតី នឹងស្តាប់យោបល់ពីមនុស្សគ្រប់គ្នា ដោយប្រុងប្រយ័ត្ន»។
គួរបញ្ជាក់ថា មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បានក្លាយទីប្រឹក្សារបស់ លោក ត្រាំ នៅអាណត្តិទីពីរនេះ ហើយវាអាចជាចំណុចទាក់ទាញមួយសម្រាប់ទីក្រុងប៉េកាំង គ្រាដែលមហាសេដ្ឋីរូបនេះ មានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់ចិន អស់រយៈពេលច្រើនឆ្នាំមកហើយ រួមទាំងលោកប្រធានាធិបតី ស៉ី ជីនពីង ផងដែរ៕