(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងដឹកនាំដោយផ្ទាល់ការធ្វើតេស្ដមីស៊ីលគ្រូសយុទ្ធសាស្ត្រជាច្រើនគ្រាប់ ហើយបានបញ្ជាឱ្យមានការត្រៀមលក្ខណៈ យ៉ាងពេញលេញ សម្រាប់សមត្ថភាពវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ ដែលជាវិធានការដ៏មានប្រសិទ្ធភាពបំផុតដើម្បីការពារប្រទេស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈបានឱ្យដឹងថាការធ្វើតេស្ដមីស៊ីល ត្រូវបានធ្វើឡើងអំឡុងលំហាត់សឹកហ្វឹកហ្វឺនសមត្ថភាព វាយបកទៅនឹងសត្រូវ និងជាសារព្រមានមួយទៅកាន់សត្រូវដែលកំពុងរំលោភបំពានធ្ងន់ធ្ងរលើបរិយាកាសសន្តិសុខរបស់កូរ៉េខាងជើង។ «អ្វីដែលជាការធានាដោយសមត្ថភាពវាយប្រហារដ៏ខ្លាំងក្លា នោះគឺជាការកំញើញដ៏ល្អឥតខ្ចោះ និងសមត្ថភាពការពារខ្លួន»។ នេះជាការលើកឡើងរបស់លោក គីម ជុងអ៊ុន ដែលត្រូវបានដកស្រង់សម្ដីដោយ KCNA។
KCNA បន្តទៀតថា លោក គីម ជុងអ៊ុន ក៏បានដាក់បញ្ជាផងដែរឱ្យយោធារបស់លោកត្រៀមលក្ខណៈឱ្យបានពេញលេញ ហើយថាវាជាកាតព្វកិច្ចរបស់កងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង ដើម្បី ការពារអធិបតេយ្យជាតិ និងសន្តិសុខ ជាមួយខែលការពារនុយក្លេអ៊ែរដ៏មានប្រសិទ្ធភាព តាមរយៈការត្រៀមលក្ខណៈប្រយុទ្ធនៃកងកម្លាំងនុយក្លេអ៊ែរ និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលគ្រូសយុទ្ធសាស្ត្រខាងលើរបស់កូរ៉េខាងជើង ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធសប្ដាហ៍នេះ នៅឯសមុទ្រលឿង។ តាម KCNA មីស៊ីលដែលត្រូវបានធ្វើតេស្ដ បានហោះ ក្នុងរយៈពេល ១៣០នាទី និងធ្វើដំណើរបានចម្ងាយ ១៥៨៧គីឡូម៉ែត្រ៕