(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈថាកិច្ចព្រមព្រៀងរ៉ែជាមួយអ៊ុយក្រែនគឺជាការធានាសន្តិសុខដែលទីក្រុងកៀវត្រូវការជាចាំបាច់ ដើម្បីទប់ទល់ជាមួយរុស្ស៉ី ដោយបានច្រានចោលការស្នើសុំពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ឱ្យសហរដ្ឋអាមេរិកផ្ដល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Starmer ដែលបានជួបលោក ត្រាំ នៅឯសេតវិមាន ជាលើកដំបូងចាប់តាំងពីមេដឹកនាំអាមេរិកឡើងកាន់តំណែងមក បានចាប់ផ្ដើមជាមួយការបង្ហាញភាពកោតសរសើរដោយលោកនិយាយថាសន្តិភាព អាចមានសង្ឃឹមឡើងវិញក៏ដោយសារតែលោក ត្រាំ។ លោក Starmer ក៏បានប្រគល់លិខិតអញ្ជើញរបស់ព្រះមហាក្សត្រអង់គ្លេស King Charles ទៅកាន់លោក ត្រាំ សម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ចក្រភពអង់គ្លេសផងដែរ។ លោក ត្រាំ បានទទួលយកការអញ្ជើញនេះ។ ប៉ុន្តែការខ្វែងគំនិតគ្នារវាងសម្ព័ន្ធមិត្តទាំង២នៅតែមាន ក្នុងនោះរួមមានការខ្វែងគំនិតគ្នាជុំវិញកិច្ចចរចារវាងអាមេរិក និងរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន ព្រមទាំងការគំរាមយកពន្ធបន្ថែមរបស់លោក ត្រាំ។

មុនជំនួបនៅសេតវិមាន លោក Starmer បាននិយាយថាវានឹងមិនមានឡើយសន្តិភាពយូរអង្វែងនៅអ៊ុយក្រែនដោយគ្មានការធានាសន្តិសុខយ៉ាងរឹងមាំពីសហរដ្ឋអាមេរិក។ ប៉ុន្តែ​ លោក ត្រាំ បានច្រានចោល ការយល់ឃើញបែបនេះ ហើយមិនបានសន្យាផ្ដល់ការធានាសន្តិសុខណាមួយឱ្យអ៊ុយក្រែនទេ។ ក្រោយមកទៀត នៅពេលត្រូវបានសាកសួរថាតើរូបលោកអាចជឿទុកចិត្តលើប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដែរឬទេ? លោក ត្រាំបានឆ្លើយថា «ជឿជាក់ និងផ្ទៀងផ្ទាត់» ដែលជាពាក្យពេចន៍ឆ្លុះបញ្ចាំងពីទស្សនយល់ឃើញរបស់អតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan ចំពោះកិច្ចចរចាជាមួយ អតីតសហភាពសូវៀត។

បើតាមលោក ត្រាំ លោកផ្ទាល់គិតថាលោក ពូទីន នឹងមិនធ្វើការឈ្លានពានអ៊ុយក្រែនសាជាថ្មីនោះទេ ក្រោយមានកិច្ចព្រមព្រៀង។ តែយ៉ាងណាក៏ដោយ លោក Starmer បានព្រមានថាសន្តិភាពមិនត្រូវក្លាយជា រង្វាន់សម្រាប់ជនឈ្លានពាននោះទេ៕