(បាងកក)៖ ថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ បានចាប់បញ្ជូនជនជាតិភាគតិច Uyghurs ត្រឡប់ទៅកាន់ប្រទេសចិនវិញ ដោយបង្កឱ្យមានការថ្កោលទោសភ្លាមៗពីអង្គការសហប្រជាជាតិ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រុមអ្នកការពារសិទ្ធិមនុស្ស បានព្រមានកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះថាទីក្រុងបាងកក កំពុងត្រៀមបណ្ដេញជនជាតិ Uyghurs ៤៨នាក់ដែលកំពុងរស់នៅតាមមណ្ឌលជនអន្តោប្រវេសន៍ ក្នុងប្រទេសថៃ ត្រឡប់ទៅកាន់ ប្រទេសចិនវិញ។ អគ្គស្នងការនគរបាលជាតិថៃ លោក Kitrat Phanphet ក៏បានទទួលស្គាល់ការបណ្ដេញជនជាតិ Uyghurs កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ដោយនិយាយថាទីក្រុងប៉េកាំងបានស្នើសុំឱ្យបញ្ជូនជនជាតិ Uyghurs ៤០នាក់។ លោក Phanphet បានបន្ថែមទៀតថារដ្ឋាភិបាលចិនបានផ្ញើលិខិតមួយជូនរដ្ឋាភិបាលថៃ ជាមួយការបង្ហាញពីភាពស្មោះត្រង់ និងចេតនារបស់ខ្លួនក្នុងការមើលថែទាំជនជាតិ Uyghurs ហើយ ថែមទាំងធានាទៀតផងថានឹងផ្ដល់ការរស់នៅសមរម្យ និងសុវត្ថិភាពដល់ពួកគេ បើទោះជាក្រុមអ្នកការពារសិទ្ធិមនុស្សព្រមានថាជនជាតិ Uyghurs ទំាងនោះអាចនឹងត្រូវបានគេធ្វើបាប នៅពេលត្រឡប់ដល់ចិន វិញក៏ដោយ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ថៃធ្លាប់ចាប់បញ្ជូនជនជាតិភាគតិច Uyghurs ១០៩នាក់ត្រឡប់ទៅកាន់ប្រទេសចិនវិញ ជាហេតុជំរុញឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ នៅពេលនោះ។ កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិ ក៏បានថ្កោលទោសថៃផងដែរ៕