(ស៊ីដនី)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ បាននិយាយថាប្រទេសរបស់លោកមិនមានហេតុផលត្រូវសូមទោស ចំពោះការធ្វើសមយុទ្ធយោធាដែលត្រូវបាន ធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិចន្លោះរវាងអូស្ត្រាលី និងនូវែលសេឡង់ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អូស្ត្រាលី និងនូវែលសេឡង់ បានបង្ហាញការព្រួយបារម្ភរៀងៗខ្លួនជាមួយទីក្រុងប៉េកាំង ជុំវិញការធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏កម្រមួយ នៅសមុទ្រ Tasman កាលពីសប្ដាហ៍មុន ដោយនិយាយថា ពួកគេមិនបានទទួលការជូនដំណឹងសមស្របជាមុនពីកងទ័ពជើងទឹកចិននោះទេ ហើយថាសមយុទ្ធនេះបានបង្ខំឱ្យជើងហោះចំនួន៤៩ ត្រូវប្ដូរផ្លូវហោះហើររបស់ខ្លួន។ ប៉ុន្តែ ឯកអគ្គរដ្ឋទូតចិនប្រចាំ អូស្ត្រាលី លោក Xiao Qian បានកត់សម្គាល់ថាកងទ័ពជើងទឹកចិនបានដឹកនាំសមយុទ្ធយោធាស្របទៅតាមច្បាប់អន្តរជាតិ ហើយក៏បានជូនដំណឹងជាមុនតាមបទដ្ឋានអន្តរជាតិផងដែរ។

«ខ្ញុំមិនឃើញថាមានហេតុផលណាមួយថាតើហេតុអ្វីភាគីចិនត្រូវសូមទោស ឬក៏ត្រូវគិតអំពីការសូមទោសឡើយ»។ នេះជាការបន្ថែមរបស់លោក Xiao Qian ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC News។

គួរបញ្ជាក់ថា បើតាមលោក Xiao Qian សមយុទ្ធរបស់ចិនមិនបានបង្កការគំរាមកំហែងដល់អូស្ត្រាលីទេ ហើយថាទីក្រុងកង់បេរ៉ាគួរតែរំពឹងវិញថាកប៉ាល់របស់ចិនកាន់តែច្រើន នឹងធ្វើដំណើរនៅក្នុង តំបន់ នៅពេលអនាគត៕