(កៀវ)៖ អភិបាលក្រុង Kharkiv លោក Oleh Syniehubov បាននិយាយថា កងទ័ពរុស្ស៉ីបានធ្វើការវាយប្រហារទ្រង់ទ្រាយធំ កាលពីយប់ថ្ងៃព្រហស្បតិ៍ មកលើទីតាំងថាមពលក្នុងតំបន់ ដែលស្ថិតនៅភាគឦសានអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។
លោក Syniehubov បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា កងកម្លាំងការពារដែនអាកាសបានចូលរួមយ៉ាងសកម្ម ដើម្បីទប់ទល់នឹងការវាយប្រហារ ហើយសេវាសង្គ្រោះបន្ទាន់គឺប្រចាំនៅកន្លែងកើតហេតុតែម្តង។ មានបុរសម្នាក់រងរបួសក្នុងតំបន់ Balakliya ភាគអាគ្នេយ៍នៃទីក្រុង Kharkiv។
លោក Syniehubov បានផ្តល់ព័ត៌មានតិចតួចប៉ុណ្ណោះ អំពីទីតាំងដែលរងការវាយប្រហារ ហើយប្រាប់ពលរដ្ឋមិនឱ្យបញ្ចេញព័ត៌មាន។ រីឯ កងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍ពីការគំរាមកំហែងវាយប្រហារ ដោយគ្រាប់បែកកំណត់គោលដៅ និងយន្តហោះដ្រូននៅក្នុងផ្នែកផ្សេងៗនៃតំបន់។
គួរបញ្ជាក់ថា Kharkiv ជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ហើយបានទប់ទល់នឹងការព្យាយាមចាប់យកពីសំណាក់កងកម្លាំងរុស្ស៉ី នៅដំណាក់កាលដំបូងនៃសង្រ្គាម៕