(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ បានថ្កោលទោសប្រទេសថៃ ជុំវិញការចាប់បញ្ជូនជនជាតិភាគតិច Uyghur យ៉ាងហោច៤០នាក់ ត្រឡប់ទៅកាន់ប្រទេសចិនវិញ ជាទីដែលទីក្រុងវ៉ាស៉ីនតោនអះអាងថា ក្រុមជនជាតិភាគតិចមូស្លីមមួយនេះ បានទទួលរងការធ្វើទុក្ខបុកម្នេញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមអ្នកការពារសិទ្ធិមនុស្ស បានព្រមានកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះថាទីក្រុងបាងកក កំពុងត្រៀមបណ្ដេញជនជាតិ Uyghur ៤៨នាក់ ដែលកំពុងរស់នៅតាមមណ្ឌលជនអន្តោប្រវេសន៍ ក្នុងប្រទេសថៃ ត្រឡប់ទៅកាន់ប្រទេសចិនវិញ។ អគ្គស្នងការនគរបាលជាតិថៃ លោក Kitrat Phanphet ក៏បានទទួលស្គាល់ការបណ្ដេញជនជាតិ Uyghur កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ដោយនិយាយថាទីក្រុងប៉េកាំងបានស្នើសុំឱ្យបញ្ជូនជនជាតិ Uyghur ៤០នាក់។
លោក Phanphet បានបន្ថែមទៀតថារដ្ឋាភិបាលចិន បានផ្ញើលិខិតមួយជូនរដ្ឋាភិបាលថៃ ជាមួយការបង្ហាញពីភាពស្មោះត្រង់ និងចេតនារបស់ខ្លួនក្នុងការមើលថែទាំជនជាតិ Uyghur ហើយ ថែមទាំងធានាទៀតផងថា នឹងផ្ដល់ការរស់នៅសមរម្យ និងសុវត្ថិភាពដល់ពួកគេ បើទោះជាក្រុមអ្នកការពារសិទ្ធិមនុស្សព្រមានថាជនជាតិ Uyghur ទំាងនោះអាចនឹងត្រូវបានគេធ្វើបាប នៅពេលត្រឡប់ដល់ចិន វិញក៏ដោយ។
លោក Rubio បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យើងថ្កោលទោសជាទម្ងន់ ចំពោះថៃជុំវិញការចាប់បញ្ជូនដោយបង្ខំ នូវជនជាតិ Uyghur យ៉ាងហោច៤០នាក់ ទៅកាន់ប្រទេសចិន ជាទីដែលពួកគេខ្វះការទទួលបានសិទ្ធិគ្រប់គ្រាន់ និងជាទីដែលជនជាតិភាគតិចនេះ បានប្រឈមការធ្វើបាប ការបង្ខិតបង្ខំកម្លាំងពលកម្ម និងការធ្វើទារុណកម្ម»។ លោកប្រមុខការទូតអាមេរិក បានបន្តថា ថៃដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោន កំពុងប្រឈមហានិភ័យធ្វើសកម្មភាព ផ្ទុយពីកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន នៅក្រោមអនុសញ្ញាពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ក៏ដូចជាសន្ធិសញ្ញាសកលផ្សេងៗទៀត។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ថៃធ្លាប់ចាប់បញ្ជូនជនជាតិភាគតិច Uyghurs ១០៩នាក់ត្រឡប់ទៅកាន់ប្រទេសចិនវិញ ជាហេតុជំរុញឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ នៅពេលនោះ។ កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិ ក៏បានថ្កោលទោសថៃផងដែរ៕