(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ លោក ដូណាល់ ត្រាំ បានទទួលយកការអញ្ជើញពី ព្រះមហាក្សត្រអង់គ្លេស ស្តេច Charles ដើម្បីធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ដែលប្រការនេះធ្វើឱ្យលោកប្រធានាធិបតីអាមេរិក ក្លាយជាមេដឹកនាំដំបូងគេបំផុត ក្នុងសម័យទំនើបនេះ ដែលត្រូវបានមហាក្សត្រ ឬមហាក្សត្រីអង់គ្លេស អញ្ជើញឱ្យបំពេញទស្សនកិច្ចលក្ខណៈផ្លូវរដ្ឋ ដល់ទី២លើក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ត្រាំ បានទទួលយកលិខិតអញ្ជើញខាងលើ ពីនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer នៅសេតវិមាន មុនពេលមេដឹកនាំទាំងពីរ ត្រូវបើកកិច្ចពិភាក្សាផ្លូវការ ដើម្បីជជែកអំពីបញ្ហាសង្រ្គាមអ៊ុយក្រែន និងសន្តិសុខសកល ព្រមទាំងបញ្ហាទ្វេភាគី។ លោក ត្រាំ បានបើកមើលលិខិតនោះភ្លាមៗ នៅចំពោះមុខក្រុមអ្នកកាសែត ហើយលោក Starmer ក៏បានសួរថា តើលោកគិតយ៉ាងណា។ លោកប្រធានាធិបតីអាមេរិក ក៏បានឆ្លើយថា រូបលោកទទួលយក ការអញ្ជើញនេះ។ យ៉ាងណាមិញ កាលបរិច្ឆេទច្បាស់លាស់នៃដំណើរទស្សនកិច្ច នៅមិនទាន់ត្រូវបានប្រកាស នៅឡើយទេ។
គួរបញ្ជាក់ថា បើតាមលោកនាយករដ្ឋមន្រ្តីអង់គ្លេស ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២បែបនេះ គឺជារឿងពិសេសខ្លាំងណាស់ ដែលមិនធ្លាប់មានពីមុនមកឡើយ។ កាលពីខែមិថុនា ឆ្នាំ២០១៩ អតីតមហាក្សត្រីអង់គ្លេស Elizabeth ធ្លាប់បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ របស់លោក ត្រាំ អំឡុងអាណត្តិទី១របស់លោក ជាប្រធានាធិបតីអាមេរិក។
ដំណើរទស្សនកិច្ចនោះ បានធ្វើឱ្យលោក ត្រាំ ស្ថិតក្នុងចំណោមប្រធានាធិបតីអាមេរិកមួយចំនួនតូចប៉ុណ្ណោះ ដ្បិតមានតែ លោក Barack Obama និង លោក George W. Bush ទេ ដែលត្រូវបានអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅចក្រភពអង់គ្លេស អំឡុងរជ្ជកាលរយៈពេល៧០ឆ្នាំ របស់មហាក្សត្រី Elizabeth។ វាក៏ជាលើកចុងក្រោយផងដែរ ដែលមហាក្សត្រី Elizabeth បានទទួលស្វាគមន៍ទស្សនកិច្ចផ្លូវរដ្ឋ របស់មេដឹកនាំបរទេស មុនពេលទ្រង់សោយទិវង្គត កាលពីខែកញ្ញា ឆ្នាំ២០២២៕