(តៃប៉ិ)៖ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ប្រវត្តិសាស្រ្តនៃសង្រ្គាមលោកលើកទី២ ស្តែងឱ្យឃើញថា ការឈ្លានពាន និងការវាតទីពង្រីកទឹកដី នឹងបញ្ចប់ទៅវិញក្នុងភាពបរាជ័យ ដែលជាការលើកឡើងឆ្លើយតប ចំពោះការអត្ថាធិប្បាយរបស់ចិន ដែលបាននិយាយថា មិនយូរមិនឆាប់ ដែនកោះនេះ នឹងធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅពេលត្រូវបានសាកសួរអំពី សមយុទ្ធយោធាប្រចាំឆ្នាំរបស់តៃវ៉ាន់ ដែលត្រូវធ្វើឡើងក្នុងឆ្នាំនេះ ក្រសួងការពារជាតិចិន បាននិយាយថា តៃវ៉ាន់ គឺប្រៀបដូចជាសត្វកណ្តូប ដែលព្យាយាមចង់បញ្ឈប់ដំណើររទេះសេះយ៉ាងដូច្នោះ ហើយមិនយូរមិនឆាប់ ចិននឹងយកតៃវ៉ាន់មកវិញ។

នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ចិនបានបន្តបង្កើនការគំរាមកំហែងយោធារបស់ខ្លួនក្នុងតំបន់ និងបំផ្លាញ​ស្ថានភាពដើមនៃស្ថិរភាពរបស់តំបន់ ព្រមទាំងក្លាយជា អ្នកបង្កបញ្ហាដ៏ធំមួយក្នុងសហគមន៍អន្តរជាតិ។ ក្រសួងការពារជាតិតៃវ៉ាន់ បានលើកឡើងដូច្នេះទៀតថា «ឆ្នាំនេះគឺជាគម្រប់ខួបទី៨០ នៃការបញ្ចប់សង្រ្គាមលោកលើកទី២ ហើយប្រវត្តិសាស្រ្តបានបង្ហាញថា ការឈ្លានពាន និងវាតទីពង្រីកទឹកដី ទោះក្នុងទម្រង់ណាមួយក៏ដោយ នឹងបញ្ចប់ទៅវិញ ក្នុងភាពបរាជ័យ។ សកម្មភាពរបស់យោធាចិន ប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងដើរតាមគន្លងកំហុសរបស់ជនឈ្លានពាន ហើយកំពុងរុញច្រានចិន ឆ្ពោះទៅរកភាពបរាជ័យ»

គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវចិនចាត់ទុកជា ផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ហើយទីក្រុងប៉េកាំង មិនដែលបោះបង់ជម្រើស នៃការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញ ជាមួយដែនកោះនេះ នៅថ្ងៃណាមួយនោះទេ៕