(បរទេស)៖ ថ្មីៗនេះមានការព្រមានពីស្ថាប័នអនុវត្តច្បាប់សហព័ន្ធ រដ្ឋ និងមូលដ្ឋានជាច្រើននៅសហរដ្ឋអាមេរិក អំពីហានិភ័យ និងការគម្រាមកំហែងទៅលើការប្រើប្រាស់កម្មវិធីទូរស័ព្ទ បន្ទាប់ពីមានការវាយប្រហារ និងលួចទិន្នន័យតាមរយៈការដំឡើងកម្មវិធីផ្សេងៗដោយមិនមានប្រភពច្បាស់លាស់ ប៉ុន្តែឥឡូវនេះសារព្រមានចុងក្រោយសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone និង Android គឺគួរតែលុប និងឈប់ប្រើបាស់កម្មវិធីផ្ញើសារ Telegram ចេញពីទូរស័ព្ទដៃជាបន្ទាន់។
នេះបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes ដដែលបានផ្សាយឲ្យដឹងថា កម្មវិធីដែលកំពុងពេញនិយមបំផុត នៅលើពិភពលោក Telegram បានក្លាយជាកន្លែង និងទីផ្សារងងឹត (Dark web marketplace) សម្រាប់ឧក្រិដ្ឋជន។ វាអាចជារឿងដ៏គួរឱ្យអស់សំណើចណាស់ ព្រោះថា Telegram បានប្រកាស និងតែងតែប្រកាន់ខ្ជាប់ថាខ្លួនមិនមែនជាអ្នកបើកដៃឱ្យមានឧក្រិដ្ឋកម្មតាមអនឡាញ និងទិន្នន័យរបស់អ្នកប្រើប្រាស់គឺសុវត្ថិភាពបំផុត ប៉ុន្តែចាប់តាំងពីមានការចាប់ខ្លួនលោក Pavel Durov ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៅក្នុងប្រទេសបារាំងមក គឺមានការបែកធ្លាយរឿងមិនល្អជាច្រើនរហូតដល់បណ្ដាប្រទេសធំៗមួយចំនួននៅលើពិភពលោកបានបើកការស៊ើបអង្កេតលើកម្មវិធីមួយនេះ និងបានរកឃើញនូវបទល្មើសជាច្រើនផងដែរ។
ថ្មីៗនេះ អាជ្ញាធរ New Mexico ដែលជារដ្ឋមួយនៅតំបន់ភាគនិរតីនៃសហរដ្ឋអាមេរិក បានតាមដាន និងរកឃើញថា «ប្រមាណជាង ៩០% នៃការជួញដូរកាំភ្លើង និងថ្នាំញឿនគឺបានប្រព្រឹត្តឡើងនៅលើកម្មវិធី Telegram»។ ជាមួយគ្នានោះ អាជ្ញាធរក៏រកឃើញផងដែរថា ឧក្រិដ្ឋកម្មអនីតិជនជាច្រើនក៏ជាប់ពាក់ព័ន្ធនឹងកម្មវិធី Telegram រហូតដល់បានជូនដំណឹងដល់ឪពុកម្ដាយ និងអាណាព្យាបាលឱ្យលុបកម្មវិធីនេះចេញពីទូរស័ព្ទដៃ ឬឧបករណ៍ប្រើប្រាស់របស់កូន ព្រោះវាមានគ្រោះថ្នាក់ខ្លាំងបំផុត។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ត្រូវបាន Telegram ឆ្លើយបតវិញថា ខ្លួនបានសហការជាមួយនឹងអាជ្ញាធរក្នុងការស៊ើបអង្កេត ប៉ុន្តែត្រូវបានអាជ្ញាធរច្រានចោល និងបានឆ្លើយបកវិញថា Telegram មិនបានឆ្លើយបតទៅនឹងការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកនោះទេ៕