(ព្យុងយ៉ាង)៖ អ្នកទេសចរអាហ្សង់ទីន និងអ៉ីតាលី ស្ថិតក្នុងចំណោមក្រុមអ្នកធ្វើដំណើរកម្សាន្ត មកពីប្រទេសលោកខាងលិច ដែលបានចូលទៅក្នុងប្រទេសកូរ៉េខាងជើង ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ បន្ទាប់ប្រទេសនេះបានបិទទ្វារ ដោយសារតែជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។
ក្រុមហ៊ុនទេសចរណ៍ Young Pioneer Tours មានមូលដ្ឋានក្នុងទីក្រុងប៉េកាំង ប្រទេសចិន ជាអ្នកដឹកនាំភ្ញៀវក្រុមដំបូង ចូលទៅដល់តំបន់សេដ្ឋកិច្ចពិសេស Rason របស់កូរ៉េខាងជើង ដែលមានព្រំប្រទល់ជាប់រុស្ស៉ី និងចិន។ អ្នកទេសចរម្នាក់ បានបង្ហាញរូបថតនៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានសាលារៀន រោងចក្រ និងរោងចក្រផលិតស្រាបៀរ អំឡុងការដើរកម្សាន្តរយៈពេល ៤ថ្ងៃរបស់គាត់នៅទីនោះ។ Young Pioneer Tours ដែលធ្លាប់នាំភ្ញៀវទេសចរទៅលេងកូរ៉េខាងជើង តាំងពីឆ្នាំ ២០០៨ ក៏បានឱ្យដឹងផងដែរថា ដំណើរកម្សាន្តនេះមិនសូវមានភាពបត់បែន និងបែបបត់ច្រើនទេ ប៉ុន្តែមានការរៀបចំ ដើម្បីភាពទាក់ទាញបន្ថែម។
គួរបញ្ជាក់ថា កូរ៉េខាងជើង បានរងនូវទណ្ឌកម្មយ៉ាងខ្លាំងក្លា ជាអន្តរជាតិ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ អ្នកទេសចរ ត្រូវតែអមដំណើរ ដោយមគ្គុទ្ទេសក៍ផ្លូវការគ្រប់ពេលវេលា។ អ្នកដែលប្រព្រឹត្តមិនសមរម្យក្នុងក្រសែភ្នែករបស់កូរ៉េខាងជើង ដូចជានិយាយជាមួយជនជាតិកូរ៉េខាងជើងដោយគ្មានការអនុញ្ញាត អាចប្រឈមនឹងការផាកពិន័យ ចាប់ ឬឃុំខ្លួន៕