(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ទីក្រុងប៉េកាំងបានសម្តែងការជំទាស់ទៅនឹង ការគំរាមដាក់ពន្ធលើការនាំចូលរបស់ចិន ១០ភាគរយទៀត ពីសំណាក់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបន្ទោសលើលំហូរចូលនៃថ្នាំ fentanyl ហើយសន្យាថានឹងសងសឹកដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ត្រាំ បានដាក់ឱសានវាទពន្ធគយ ២៥ភាគរយលើម៉ិកស៉ិក និងកាណាដា ជាមួយនិងការប្រកាសដាក់ពន្ធ ១០ភាគរយបន្ថែមទៀតលើចិន ដោយនិយាយថា នៅតែមានលំហូរថ្នាំ fentanyl មកពីប្រទេសទាំងនោះ ចូលក្នុងសហរដ្ឋអាមេរិក។ ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ចិន មានគោលនយោបាយ ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុតមួយ ក្នុងពិភពលោក ហើយពន្ធគយថ្មីនេះនឹងនាំមកនូវហានិភ័យដល់ ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «ចិនបាននិយាយម្តងហើយម្តងទៀតថា ការដាក់ពន្ធជាឯកតោភាគី គឺបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងធ្វើឱ្យខូចដល់ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ជាថ្មីម្តងទៀត សហរដ្ឋអាមេរិក កំពុងគំរាមកំហែងដាក់ពន្ធបន្ថែម។ អាកប្បកិរិយាបែបនេះ គឺជាការដាក់បន្ទុក និងបង្វែរការទទួលខុសត្រូវចំពោះបញ្ហាផ្ទាល់ខ្លួន»។
គួរបញ្ជាក់ថា ការដាក់ពន្ធ ១០ភាគរយទៀត ដែលលោក ត្រាំ កំណត់ថានឹងចូលជាធរមាន នាថ្ងៃទី ៤ ខែមីនា នឹងនាំឱ្យពន្ធលើទំនិញនាំចូលរបស់ចិន កើនឡើងដល់ ២០ភាគរយ៕