(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Wuhan Institute of Virology កាលពីពេលថ្មីៗនេះបានរាយការណ៍ពីការរកឃើញវីរុសកូរ៉ូណាថ្មីមួយ (coronavirus) នៅក្នុងខ្លួនសត្វប្រចៀវ ឬមាន ឈ្មោះសម្គាល់ថា HKU5-CoV-2 ដែលមានសមត្ថភាពទម្លុះចូលកោសិកា ដោយប្រើប្រាស់ប្រូតេអ៉ីន ACE2 ដែលជាប្រូតេអ៉ីនមួយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។ ថ្វីបើ មកទល់នឹងពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីការឆ្លងជំងឺដល់មនុស្សក៏ពិតមែន តែការប្រកាសពីការរកឃើញវីរុសកូរ៉ូណាថ្មីនេះបាន និងកំពុងធ្វើឱ្យទីផ្សារភាគហ៊ុនរបស់ ក្រុមហ៊ុនផលិតវ៉ាក់សាំងហក់ឡើងខ្ពស់ ស្របពេលមានការព្រួយបារម្ភអំពីការឆ្លងវីរុសទៅក្នុងខ្លួនសត្វដែលអាចចម្លងជំងឺបន្តទៅកាន់មនុស្ស។
* តើគេដឹងអ្វីខ្លះអំពីវីរុស HKU5-CoV-2?
ក្រុមអ្នកវិទ្យាសាស្ត្របានប្រមូលសំណាកវីរុស HKU5-CoV-2 ចេញពីសត្វប្រចៀវ ជាច្រើនក្បាលនៅក្នុងខេត្ត Guangdong, Fujian, Zhejiang, Anhui និងខេត្ត Guangxi។ ការវិភាគរបស់ពួកគេ បានបង្ហាញវីរុសនេះជាសែស្រឡាយនៃអំបូរវីរុស ក្នុងនោះរួមមានទាំងវីរុសមួយដែលបង្កជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា ឬ MERS ហើយមានជាប់ពាក់ព័ន្ធតិចតួចដែរទៅនឹងវីរុស SARS-CoV-2 ជាប្រភេទ វីរុសចម្លងជំងឺកូវីដ១៩។ លើសពីនេះទៅទៀត HKU5-CoV-2 អាចជ្រៀតចូលទៅក្នុងកោសិកាមនុស្សដោយការភ្ជាប់ខ្លួនទៅនឹងប្រូតេអ៉ីន ACE2 ជាប្រូតេអ៊ីនស្ថិតនៅលើផ្ទៃនៃកោសិកាជាច្រើន។ និយាយជារួម របៀបដែលវីរុសនេះអាចភ្ជាប់ខ្លួនទៅនឹងកោសិកាមនុស្ស ការបំបែកខ្លួន និងចម្លងជំងឺគឺមានលក្ខខណ្ឌដូចគ្នាទៅនឹងវីរុស SARS-CoV-2។ លទ្ធផលពីមន្ទីរពិសោធន៍វិញ ក៏បានសន្មត់ដែរថា HKU5-CoV-2 ក៏ប្រហែលជាអាចចម្លងជំងឺដល់ថនិកសត្វជាច្រើនប្រភេទ ដែលនេះអាចបញ្ជាក់បានថាវាអាចចម្លងជំងឺពីអំបូរសត្វមួយទៅអំបូរសត្វមួយផ្សេងទៀត។ ការសិក្សាស្រាវជា្រវនេះ ត្រូវបានធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រចិន លោកស្រី Shi Zheng-Li ដែលមានកេរ្តិ៍ឈ្មោះល្បីខាងសិក្សាពីវីរុសនៅក្នុងខ្លួនសត្វប្រចៀវ។
* តើវីរុសថ្មីគំរាមកំហែងដល់សុខភាពមនុស្សកម្រិតណា?
បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់ទេថាតើវីរុស HKU5-CoV-2 គំរាមកំហែងដល់សុខភាពមនុស្សធ្ងន់ធ្ងរកម្រិតណា? ខណៈ HKU5-CoV-2 អាចចម្លងជំងឺដល់កោសិកាមនុស្ស តែវាក៏មិនមែនមានន័យ ដាច់ខាតថាវីរុសនេះអាចចម្លងជំងឺពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយប្រសិទ្ធិភាពនោះឡើយ ហើយសព្វថ្ងៃក៏មិនទាន់មានភស្តុតាងបញ្ជាក់ថាវាចម្លងជំងឺដល់មនុស្សនោះដែរ។ ក្រុមអ្នកវិទ្យាសាស្ត្រ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីកំណត់ពីរបៀបដែលវីរុសនេះអាចចម្លងជំងឺ ក្នុងនោះរួមមានទាំងថាតើវីរុស HKU5-CoV-2 អាចមានវត្តមាននៅក្នុងខ្លួនសត្វព្រៃ ឬសត្វចិញ្ចឹម ដែលអាចប្រើជាស្ពាន ដើម្បីចម្លងជំងឺដល់មនុស្សដែរឬក៏យ៉ាងណា? សត្វប្រចៀវជាអំបូរសត្វដែលមានផ្ទុកវីរុសកូរ៉ូណាជាច្រើនប្រភេទដូចជា MERS និង SARS-CoV-1 ដែលជាប្រភេទវីរុសចម្លង ជំងឺសា (SARS) ក្នុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៤ ក៏ដូចជាវីរុស SARS-CoV-2 ដែលចម្លងជំងឺកូវីដ១៩។
ការសិក្សាមួយកាលពីឆ្នាំ២០២១ បានរកឃើញថាក្នុងមួយឆ្នាំៗ មានមនុស្សរាប់ម៉ឺននាក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានឆ្លងជំងឺបង្កឡើងដោយវីរុសកូរ៉ូណាមាននៅក្នុងខ្លួនសត្វ ហើយករណីឆ្លងមួយ ភាគធំមិនត្រូវបានទទួលស្គាល់ ដោយសារតែអ្នកឆ្លងមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញាតែម្ដង។ ដូច្នេះ ការបន្តការសិក្សាស្រាវជ្រាវជារឿងចាំបាច់ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅអំពីផលប៉ះពាល់ ដែលអាចបង្កឡើងដោយវីរុស HKU5-CoV-2 ចំពោះសុខភាពមនុស្ស៕